ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ រកឃើញគ្រឿងញៀន១០០គីឡូ ដែលលាក់ក្នុងដំបូលឡាន នៅព្រំដែនជាមួយមីយ៉ាន់ម៉ា

Photo: Chiang Rai PR office

បរទេស៖ ប៉ូលិសល្បាតព្រំដែន បានចាប់ខ្លួនបុរសម្នាក់ ដែលរត់ពន្ធថ្នាំញៀនប្រភេទ មេតំហ្វេតាមីន និងកេតាមីន ទម្ងន់១០០គីឡូក្រាម ចូលពីប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសថៃ ដោយលាក់ទុកក្នុងដំបូលរថយន្តរបស់គាត់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយមានការផ្តល់ព័ត៌មាន នៅថ្ងៃអង្គារ ប៉ូលីសបានរង់ចាំរថយន្តជនសង្ស័យនៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយ ដែលតភ្ជាប់ស្រុក Mae Sai នៃខេត្ត Chiang Rai និងទីក្រុង Tachilek ក្នុងប្រទេសមីយ៉ាន់ម៉ា ។

ពេលរសៀលគេក៏បានឃើញរថយន្តម៉ាក Chevrolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ឈៀងរ៉ៃ ឆ្លងដែនចូលប្រទេសថៃ ។ រថយន្តត្រូវបានបញ្ឈប់ហើយស្វែងរកថ្នាំញៀន។ នៅលើដំបូលឡានផ្នែកខាងក្នុងមានកញ្ចប់តែចំនួន ១០០ កញ្ចប់។ កញ្ចប់នីមួយៗ គឺមានផ្ទុកសារធាតុញៀន។

ប៉ូលីសបាននិយាយថា ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៦០កញ្ចប់ និងប្រភេទ កេតាមីនចំនួន ៤០កញ្ចប់។ ប៉ូលិសបាននិយាយទៀតថា ក្នុងមួយកញ្ចប់ គឺមានទម្ងន់មួយគីឡូក្រាម។

អ្នកបើកបររថយន្តអាយុ៤៩ឆ្នាំ មានទីលំនៅឃុំ Wiang Pang Kham ស្រុក Mae Sai ។ គាត់ត្រូវបានគេបញ្ជាក់ត្រឹមថា Boonpan តែប៉ុណ្ណោះ។
ប្រែសម្រួលៈ ណៃ តុលា

To Top