បរទេស ៖ មន្ដ្រីការិយាល័យកំពូលឥណ្ឌា មួយរូបបានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធ ឬមិនបានផ្តល់ដំណឹងអំពីបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ ។ នេះបើយោងតាមរបាយការណ៍របស់ The Hindu។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅពេលត្រូវ បានសួរដោយសមាជិកសភា ថាហេតុអ្វីបានជា ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសបញ្ឈប់អរិភាពសូម្បីតែមុនពេល ដែលឥណ្ឌា និងប៉ាគីស្ថានបានធ្វើក៏ដោយ គឺ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានច្រានចោលសំណើនៃការសម្រុះសម្រួលរបស់អាមេរិក នេះបើយោងតាមរបាយការណ៍។ លោកបាននិយាយថា ការសន្ទនាជាមួយមន្ត្រីអាមេរិក កំពុងបន្តក្នុងអំឡុងពេល មានការប្រឈមមុខគ្នា ផ្នែកយោធានាពេលថ្មីៗនេះ ហើយថាពួកគេជាផ្នែកមួយ នៃដំណើរការធម្មតាមួយ។
ប្រទេសជិតខាងអាស៊ីខាងត្បូង គឺឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមនៅក្នុងអរិភាព ដ៏ធំបន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារ លើទីតាំងដែលសង្ស័យថា ជាភេរវករនៅក្នុងទឹកដីដែលគ្រប់គ្រង ដោយប៉ាគីស្ថានកាលពីថ្ងៃទី ៧ ឧសភា ជាការឆ្លើយតបទៅនឹងការវាយប្រហារ ភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រង ដោយឥណ្ឌាកាលពីខែមេសា។
សូម្បីតែមុនពេលទីក្រុង New Delhi និងទីក្រុង Islamabad អាចធ្វើការប្រកាសបទឈប់បាញ់ក៏ដោយ លោក Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានជួយសម្របសម្រួលបទឈប់បាញ់រវាងពួកគេកាលពីថ្ងៃទី ១០ ខែឧសភា៕
ប្រែសម្រួលៈ ណៃ តុលា
