ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ថា  នឹងពង្រីកការវាយប្រហារលើតំបន់ហ្គាហ្សា

xinhua

ហ្គាហ្សា៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួននឹងពង្រីកការវាយលុកលើដីរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា និងដណ្តើមកាន់កាប់ទឹកដីនៃតំបន់នេះបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រមុខយោធាអ៊ីស្រាអែលលោក Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូពីហ្គាហ្សានៅថ្ងៃទី៤ នៃប្រតិបត្តិការ Gideon’s Chariots ដែលជាការវាយលុកលើដីដ៏ធំបំផុតរបស់អ៊ីស្រាអែល លើតំបន់ឡោមព័ទ្ធក្នុងរយៈពេលជាច្រើនខែថា “យើងនឹងពង្រីកប្រតិបត្តិការរបស់យើង បង្កើតការគ្រប់គ្រងប្រតិបត្តិការលើទឹកដីបន្ថែមទៀត និងបោសសម្អាត និងរុះរើហេដ្ឋារចនាសម្ព័ន្ធភេរវករ រហូតដល់ក្រុមហាម៉ាស់ត្រូវបានកម្ចាត់យ៉ាងដាច់អហង្ការ”។

យ៉ាងហោចណាស់មនុស្ស ៨៧នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា កាលពីថ្ងៃអង្គារនេះបើយោងតាមអាជ្ញាធរសុខភាពរបស់ដែនដី ដែលនាំឱ្យចំនួនអ្នកស្លាប់ពីការវាយលុករយៈពេល ១៩ ខែរបស់អ៊ីស្រាអែលដល់ ៥៣,៥៧៣នាក់។

យោធា​អ៊ីស្រាអែល​បាន​ឲ្យដឹងថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទីតាំង​ជាង ១០០ នៅ​ក្នុង​តំបន់​ហ្គាហ្សា ក្នុង​មួយ​ថ្ងៃ​កន្លង​ទៅ។  នៅតំបន់ហ្គាហ្សាភាគខាងជើង គោលដៅរួមមានក្រុមសកម្មប្រយុទ្ធ កន្លែងផ្ទុកអាវុធ រចនាសម្ព័ន្ធយោធា ដែលប្រើប្រាស់ដោយក្រុមជីហាតអ៊ីស្លាម និងហេដ្ឋារចនាសម្ព័ន្ធក្រោមដី ហើយនៅ​ភាគ​ខាង​ត្បូង ការ​វាយ​ប្រហារ​បាន​ផ្តោត​លើ​ក្រុម​សកម្មប្រយុទ្ធ បរិវេណ​យោធា និង​ប៉ុស្តិ៍​សង្កេតការណ៍។

ទន្ទឹមនឹងនេះដែរ រថយន្តចំនួន ៩៣គ្រឿងរបស់អង្គការសហប្រជាជាតិ ដែលដឹកជំនួយមនុស្សធម៌ រួមទាំងម្សៅ សម្រាប់ហាងនំប៉័ង អាហារទារក បរិក្ខារពេទ្យ និងឱសថ បានចូលដល់តំបន់ហ្គាហ្សាហើយកាលពីថ្ងៃអង្គារ តាមរយៈច្រក Kerem Shalom នេះបើយោងតាម ​​COGAT ដែលជាអង្គភាពក្រសួងការពារជាតិអ៊ីស្រាអែលទទួលបន្ទុកកិច្ចការស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់។

កាសែត Haaretz របស់អ៊ីស្រាអែល បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ គ្មានរថយន្តដឹកទំនិញណាមួយបានទៅដល់គោលដៅដែលបានគ្រោងទុករបស់ពួកគេនោះទេ ដោយសារបញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងសន្តិសុខ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top