បរទេស៖ អ្នកបើកបររថយន្តតាក់ស៊ីធម្មតា បានគំរាមបិទច្រកចូល និងចេញ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រសិនបើរដ្ឋាភិបាលបរាជ័យ ក្នុងការបិទសេវាកម្មហៅរថយន្ត Grab នៅអាកាសយានដ្ឋាន សំខាន់របស់ទីក្រុងបាងកក ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកបើកតាក់ស៊ីប្រហែល ៥០នាក់ បានចាប់ផ្តើមការតវ៉ានៅខាងក្រៅសភាកាលពីថ្ងៃអង្គារ ។ ពួកគេកំពុងទាមទារឱ្យរដ្ឋាភិបាលបិទសេវា Grab នៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយក៏គំរាមបិទអាកាសយានដ្ឋាន ប្រសិនបើរដ្ឋាភិបាលបរាជ័យ ក្នុងការបិទដំណើរការ Grab នៅថ្ងៃពុធ។
ការតវ៉ានេះដឹកនាំ ដោយប្រធានសមាគមតាក់ស៊ីសាធារណៈថៃ លោក Waraphol Kaemkhunthod ។ ពួកគេបានប្រមូលផ្តុំគ្នានៅខាងក្រៅទ្វារចូលទី៥ នៅសភា កាត់ពីក្រសួងអប់រំ នៅផ្លូវ Ratchadamnoen Nok។
ការតវ៉ានេះត្រូវបានជំរុញ ដោយការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុញ្ញាតឱ្យអ្នកបើកបរ Grab បង្កើតចំណុចទទួល និងដាក់ភ្ញៀវ នៅព្រលានយន្តហោះ ៕
