ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល អះអាងថា តំបន់ហ្គាហ្សា នឹងត្រូវបានគ្រប់គ្រងទាំងស្រុង នៅពេលដែលការវាយលុកចូលដល់ដំណាក់កាលចុងក្រោយ

xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា តំបន់ទាំងអស់នៃតំបន់ហ្គាហ្សាស្ទ្រីប នឹងស្ថិតនៅក្រោមការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល ហើយក្រុមហាម៉ាស់ នឹងត្រូវកម្ចាត់ដោយការបញ្ចប់នៃ “ប្រតិបត្តិការ Gideon’s Chariots” ដែលកំពុងបន្តរបស់ខ្លួន។

លោក ណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីប្រតិបត្តិការនេះ ដែលលោកបានលើកឡើងថា បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្ដាហ៍ជា “ដំណាក់កាលចុងក្រោយ” នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ 

យុទ្ធនាការ​នោះ​ត្រូវ​បាន​ចាប់​ផ្តើម បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដឹកនាំ​ដោយ​ក្រុម​ហាម៉ាស់ នៅ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០២៣ ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១ ២០០ នាក់​ក្នុង​ប្រទេស​អ៊ីស្រាអែល។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានលើកឡើងថា “កងកម្លាំងរបស់យើង កំពុងវាយលុកយ៉ាងខ្លាំងក្លា ដែលនឹងកាន់តែខ្លាំងប្រឆាំងនឹងទីតាំងរឹងមាំរបស់ក្រុមហាម៉ាស់ ដែលនៅតែមានវត្ដមាននៅក្នុងតំបន់ហ្គាហ្សា” ដោយបន្ថែមថា ប្រតិបត្តិការនេះ គឺសំដៅដល់ការបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា”។

លោកក៏បានឲ្យដឹងផងដែរថា លោក Mohammed Sinwar មេដឹកនាំយោធារបស់ក្រុមហាម៉ាស់ និងជាប្អូនប្រុសរបស់អតីតមេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ នៅតំបន់ហ្គាហ្សាភាគខាងត្បូង។ 

បើទោះបីជាមានការអះអាងបែបនេះក្ដី ប៉ុន្ដែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់ អំពីការស្លាប់របស់លោក Mohammed Sinwar នៅឡើយទេ។

លោក ណេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​ថា ការ​វាយប្រហារកាលពីថ្ងៃ​ទី ១៣ ខែ​ឧសភា លើ​មន្ទីរពេទ្យ​អឺរ៉ុប ក្នុង​ក្រុង Khan Younis គឺ​សំដៅ​ទៅ​លើលោក  Mohammed Sinwar។  យោង​តាម​មន្ត្រី​ប៉ាឡេស្ទីនបានឲ្យដឹងថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត និង​មាន​អ្នក​របួស​យ៉ាងធ្ងន់​ធ្ងរ។ 

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់ត្រូវបានសម្លាប់ និង ៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top