បរទេស៖ ទីក្រុងហាណូយ ប្រទេសវៀតណាម និង ទីក្រុងបាងកក ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងឆបោក អ្នកទេសចរកម្រិតខ្ពស់បំផុត, នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលដកស្រង់ដោយសារព័ត៌មាន CNBC ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោង តាមរបាយការណ៍ថា នៅទីក្រុងបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន 48% នៃករណីឆបោក ដែលបានរាយការណ៍ ដែលធ្វើឱ្យពួកគេក្លាយជាប្រភព នៃការបោកប្រាស់ទូទៅបំផុត ដែលផ្តោតលើភ្ញៀវទេសចរ។
ភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថា ត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារ។
របាយការណ៍បានកត់សម្គាល់ថា អ្នកធ្វើដំណើរទៅកាន់ទីក្រុង ហាណូយ (វៀតណាម), Cancun (ប្រទេសម៉ិកស៊ិក) ដាកា (បង់ក្លាដែស) និងបាងកក (ប្រទេសថៃ) បានរាយការណ៍ ពីកម្រិតនៃការឆបោកខ្ពស់ជាង ខណៈទីក្រុងដែលមានអត្រាការ ឆបោកទាបបំផុតរួមមាន សាន់ហ្វ្រាន់ស៊ីស្កូ ឌូបលីន សេអ៊ូល ប៊ូដាប៉េស និងអេឌីនបឺក។
ប្រភេទនៃការឆបោកដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងក៏ប្រែប្រួលផងដែរ ដោយសារការឆបោកលើសេវា រថយន្តតាក់ស៊ី និងជួលរថយន្តមានត្រឹមតែ 2% នៃករណីឆបោកទេសចរណ៍នៅក្នុងទីក្រុងមួយចំនួនដូចជា ហុងកុង និងបាសេឡូណា ប៉ុន្តែមានចំនួនរហូតដល់ 66% នៃករណីឆបោកនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
យោងតាម Mastercard វិស័យធ្វើដំណើរនៅតែងាយរងគ្រោះខ្ពស់ក្នុងការឆបោក ជាមួយនឹងឧប្បត្តិហេតុកើនឡើង 18% កំឡុងរដូវក្តៅ និង 28% ក្នុងរដូវរដូវរងាឆ្នាំ 2024។
Euromonitor International បានដាក់ចំណាត់ថ្នាក់ទីក្រុងបាងកក ជាទីក្រុងដែលមានអ្នកមកទស្សនាច្រើន ជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2024 ជាមួយនឹងកំណត់ត្រាចំនួន 32.4 លាននាក់, ចំណែកទីក្រុងហាណូយ ទទួលបានភ្ញៀវទេសចរបរទេសចំនួន 6.35 លាននាក់កាលពីឆ្នាំមុន កើនឡើង 34% ធៀបនឹងឆ្នាំមុន។ រដ្ឋធានីវៀតណាមបានសម្លឹងមើលភ្ញៀវទេសចរ 30 លាននាក់នៅឆ្នាំនេះ ក្នុងនោះមានជនបរទេសចំនួន 7 លាននាក់៕
ប្រែសម្រួលៈ ណៃ តុលា
