ព័ត៌មានអន្តរជាតិ

ប្រធានហិរញ្ញវត្ថុ G7 បង្ហាញការរួបរួម ទោះបីជាមានបញ្ហាលើពន្ធគយ របស់លោក ដូណាល់ ត្រាំ

kyodo

តូក្យូ៖ ប្រធានហិរញ្ញវត្ថុ នៃក្រុមមហាអំណាចប្រជាធិបតេយ្យទាំង ៧ បង្ហាញពីការរួបរួមរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាប្រឈម ចាប់ពីអតុល្យភាពពិភពលោក រហូតដល់អនាគតរបស់អ៊ុយក្រែន ទោះបីជាមានភាពតានតឹងនៅទូទាំងពិភពលោក ជុំវិញពន្ធគយដ៏ច្រើនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ដោយ។

ប្រហែលមួយខែទៀតពីការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G7 ប្រទេសកាណាដា ដែលជាប្រទេសដែលប្រហែលជាមានការខឹងសម្បារបំផុត ចំពោះវិធីសាស្រ្តប្រឈមមុខដាក់គ្នា របស់លោក ត្រាំ ចំពោះគោលនយោបាយពាណិជ្ជកម្ម បានព្យាយាមអស់ពីសមត្ថភាពដើម្បីការពារការចុះខ្សោយ នៃកិច្ចសហប្រតិបត្តិការ ដែលមានអាយុកាលរាប់ទសវត្សរ៍ របស់ក្រុមនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ពីរថ្ងៃនៅទីក្រុងរមណីយដ្ឋានភ្នំ Rocky Mountain នៃប្រទេសកាណាដាថា “នៅក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសាកលដ៏ស្មុគស្មាញជាច្រើន យើងបានប្តេជ្ញាចិត្តក្នុងការបន្តគោល ដៅគោលនយោបាយរួមរបស់យើង” ។

ខណៈដែលបដិសេធពីការលើកឡើង ណាមួយអំពីរបបពន្ធរបស់លោក ត្រាំ ប្រធានហិរញ្ញវត្ថុនៃក្រុមដែលរួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុបបានយល់ព្រមថាពួកគេអាចប្រើប្រាស់ “ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ” របស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា “អតុល្យភាពហួសហេតុ” ។

យ៉ាងណាក៏ដោយ ប្រធានធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានឲ្យដឹងថា លោក និងសមភាគី G7 ជាច្រើន របស់លោក ចាត់ទុកភាពមិនច្បាស់លាស់ ខាងសេដ្ឋកិច្ច ដែលនាំឱ្យពន្ធគយរបស់លោក ត្រាំ កំពុងបន្ត។ លោក Ueda បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ស្ថានភាពមិនផ្លាស់ប្តូរនោះទេ សូម្បីតែបន្ទាប់ពីសហរដ្ឋអាមេរិកថ្មីៗនេះ បានវាយប្រហារកិច្ចព្រមព្រៀងពាណិជ្ជកម្ម បឋមជាមួយអង់គ្លេស និងចិនក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top