បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃព្រហស្បតិ៍ បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារខ្លួនប្រឆាំងនឹងសេចក្តីសម្រេច របស់តុលាការរដ្ឋបាលកំពូល ដែលបានបញ្ជាឱ្យលោកស្រីបង់ប្រាក់ការខូចខាតជាង ១០ ពាន់លានបាត ស្មើនឹងប្រហែលជាង ៣០០លានដុល្លារអាមេរិក ជុំវិញគម្រោងសន្យាទិញស្រូវ ដែលបរាជ័យរបស់រដ្ឋបាលលោកស្រី។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីបានហៅសេចក្តីសម្រេចនេះថា “អយុត្តិធម៌ខ្លាំង” ដោយកត់សំគាល់ថា តុលាការជាន់ទាបធ្លាប់បានកាត់ក្តីថា លោកស្រីមិនទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុក្នុងសំណុំរឿងនេះទេ។
ទោះជាយ៉ាងណា លោកស្រីបាននិយាយថា សេចក្តីសម្រេចថ្មីនេះបានឱ្យលោកស្រីទទួលខុសត្រូវ តែម្នាក់ឯងចំពោះការខាតបង់ដែលបង្កឡើង ដោយភ្នាក់ងារនានាដែលលោកស្រី គឺមិនបានគ្រប់គ្រងដោយផ្ទាល់។ លោកស្រី យីងឡាក់ បានសរសេរថា “បំណុល ១០ ពាន់លានបាត ទោះសងពេញមួយជីវិត ក៏មិនអាចសងអស់ដែរ” ។ ខ្ញុំបានធ្វើការដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងលើកកសិករចេញពីភាពក្រីក្រ ប៉ុន្តែឥឡូវខ្ញុំត្រូវទទួលបន្ទុកនេះតែម្នាក់ឯងទៅវិញ»។
នៅក្នុងការបង្ហោះដែលត្រូវបានបង្ហោះនៅថ្ងៃខួបលើកទី ១១ នៃរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលបានទម្លាក់ការគ្រប់គ្រងរបស់លោកស្រីចេញពីអំណាច លោកស្រីយីងឡាក់ គឺបានការពារគម្រោងសន្យាទិញស្រូវរបស់លោកស្រី៕
ប្រែសម្រួលៈ ណៃ តុលា
