តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ចាក់ថា អ៊ីរ៉ង់នឹងស្វាគមន៍ ចំពោះការបើកដំណើរការមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងតំបន់ ប៉ុន្តែនឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Araghchi បានឲ្យដឹងថា ទាក់ទងនឹងអ៊ីរ៉ង់-អាមេរិក។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កិច្ចចរចាដោយប្រយោល ភាគីអ៊ីរ៉ង់មិនដែលចាកចេញពីតុចរចាឡើយ ហើយនឹងបន្តផ្លូវការទូត ប៉ុន្តែវានឹងមិនចរចាក្រោមសម្ពាធឡើយ។
នៅក្នុងនោះដែរលោកក៏បានព្រមានផងដែរអំពីការឆ្លើយតប ប្រសិនបើប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជាប្រទេស E3 ប្រមូលផ្តុំយន្តការ snapback និងដាក់ទណ្ឌកម្មឡើងវិញ។ យន្តការនេះគឺជាឃ្លាមួយនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលបានចុះហត្ថលេខារវាងប្រទេសអ៊ីរ៉ង់ និងប្រទេសចំនួនប្រាំមួយគឺ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។ យន្តការនេះនឹងអនុញ្ញាតឱ្យភាគីផ្សេងទៀតដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញទាំងអស់ ប្រសិនបើក្រុងតេអេរ៉ង់មិនអនុវត្តតាមកិច្ចព្រមព្រៀង។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ដែលចាប់ផ្តើមពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបីនៅក្នុងទីក្រុង Muscat របស់អូម៉ង់ និងពីរនៅទីក្រុងរ៉ូម។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអាមេរិកបានទាមទារម្តងហើយម្តងទៀត ឱ្យអ៊ីរ៉ង់បញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាសំណើមួយត្រូវបានច្រានចោលដោយទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
