ម៉ូស្គូ៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានដ្រូនរបស់អ៊ុយក្រែនចំនួន ១១០ គ្រឿងនៅទូទាំងតំបន់នានានៃប្រទេសក្នុងរយៈពេលមួយយប់ រួមទាំង ១៣ គ្រឿងនៅលើតំបន់មូស្គូផងដែរ ក្នុងគ្រាដែលប្រទេសទាំងពីរមានការដោះដូរអ្នកទោសសង្គ្រាមគ្នាទៅវិញទៅមកយ៉ាងណាក្ដី។
ក្រសួងបានឲ្យដឹងថានៅចន្លោះពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៧យប់ ម៉ោងនៅទីក្រុងម៉ូស្គូថ្ងៃអាទិត្យ ថ្ងៃសៅរ៍ដល់ ៤ទៀបភ្លឺ ថ្ងៃអាទិត្យ ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១១០ គ្រឿង។ អាជ្ញាធរអាកាសចរណ៍រុស្ស៊ីបានឲ្យដឹងថា ការរឹតបន្តឹងការហោះហើរបណ្តោះអាសន្នត្រូវបានអនុវត្តម្តងហើយម្តងទៀតនៅអាកាសយានដ្ឋានទីក្រុងមូស្គូទាំងបួន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
បើទោះមិនជាមានការវាយប្រហារដោយយន្ដហោះដ្រូនយ៉ាងណាក្ដី រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន ៣០៣ នាក់កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងពេលកិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានរុស្ស៊ី ៣០៣ នាក់ “បានវិលត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយទីក្រុងគៀវ” ខណៈពេលដែលអ្នកទោសអ៊ុយក្រែនចំនួនស្មើគ្នាក៏ត្រូវបានដោះលែងផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោសរុស្ស៊ី ដែលត្រូវបានដោះលែងគឺនៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស ជាកន្លែងដែលពួកគេកំពុងត្រូវបានផ្តល់ជំនួយផ្លូវចិត្ត និងវេជ្ជសាស្ត្រចាំបាច់។ បន្ទាប់ពីការចរចាដោយផ្ទាល់របស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ១៦ ឧសភា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរអ្នកទោសម្នាក់ៗ ១,០០០ នាក់ ដែលជាការដោះដូរអ្នកទោសដ៏ធំបំផុតចាប់តាំងពីជម្លោះចាប់ផ្តើមនៅឆ្នាំ២០២២។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ភាគីទាំងពីរបានផ្លាស់ប្តូរទាហានចំនួន ២៧០ នាក់ និងជនស៊ីវិល ១២០ នាក់ បន្ទាប់មកដោយការផ្លាស់ប្តូរបុគ្គលិកយោធាចំនួន ៣០៧ សម្រាប់ ៣០៧ ពោលគឺជាការដោះដូរទៅវិញទៅមក នៅថ្ងៃសៅរ៍។ ការដោះដូរអ្នកទោសរយៈពេលបីថ្ងៃគឺជាការផ្លាស់ប្តូរលើកទី ៦៥ នៃអ្នកទោសរវាងភាគីទាំងពីរចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ និងលើកទី ៦ ក្នុងឆ្នាំនេះ នេះបើយោងតាមទីស្នាក់ការកណ្តាលសម្របសម្រួលរបស់អ៊ុយក្រែន សម្រាប់ការព្យាបាលអ្នកទោសសង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
