បរទេស៖ ទីក្រុងបាងកក បានសហការជាមួយ Google ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ក្នុងការគ្រប់គ្រងលំហូរ ចរាចរណ៍ទូទាំងទីក្រុង ក្នុងគោលបំណងកាត់បន្ថយ ទាំងការកកស្ទះនៅលើដងផ្លូវ និងការបំពុលដោយខ្យល់។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋបាល ក្រុងបាងកក (BMA) លោក Ekwaranyu Amrapal បានប្រកាសពីកិច្ចព្រមព្រៀង សហការនៅថ្ងៃចន្ទនេះ។
លោកបាននិយាយថា ទិន្នន័យធំ និងបច្ចេកវិទ្យា AI របស់ Google នឹងវិភាគឥរិយាបថបើកបរក្នុងពេលជាក់ស្តែង។ បន្ទាប់មក ប្រព័ន្ធនឹងណែនាំការ ផ្លាស់ប្តូរសញ្ញាចរាចរណ៍ល្អបំផុត ដោយផ្អែកលើលក្ខខណ្ឌចរាចរណ៍បច្ចុប្បន្ន។ វានឹងមានប្រយោជន៍ជាពិសេស ក្នុងការបន្ធូរបន្ថយការកកស្ទះ ក្នុងអំឡុងពេលម៉ោងដែលមមាញឹក។
លោក Ekwaranyu បាននិយាយថា រដ្ឋបាល ក្រុងបាងកក ប្តេជ្ញាប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកែលម្អការធ្វើដំណើរ ប្រចាំថ្ងៃសម្រាប់អ្នករស់នៅ។ តាមរយៈការរួមបញ្ចូល AI និងទិន្នន័យធំទៅក្នុងប្រព័ន្ធសញ្ញាចរាចរណ៍ ទីក្រុងសង្ឃឹមថា នឹងបង្កើតបណ្តាញគ្រប់គ្រងចរាចរណ៍ ដែលមានការឆ្លើយតប និងសមស្រប៕
ប្រែសម្រួលៈ ណៃ តុលា
