បរទេស ៖ យោង តាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា ការសម្រេចចិត្ត ដែលត្រូវបានរាយការណ៍ ដោយអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន ក្នុងការលុបចោល ការរឹតបន្តឹង លើការប្រើប្រាស់អាវុធ រយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់រុស្ស៊ីឆ្ពោះទៅរកការ ដោះស្រាយជម្លោះដោយសន្តិវិធី។
លោកPeskov បានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងការអត្ថាធិប្បាយរបស់អធិការបតីអាល្លឺម៉ង់ Friedrich Merz ដែលបាននិយាយថាអ៊ុយក្រែនលែងជាកម្មវត្ថុ នៃការកំណត់ជួរលើអាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិចទៀតហើយ។
នៅឯវេទិកា EuropaForum កាលពីថ្ងៃចន្ទ លោក Merz បាននិយាយថា ៖ មិនមានការរឹតបន្តឹងទៀតទេ លើអាវុធដែលផ្គត់ផ្គង់ ដោយលោកខាងលិច ដែលប្រើដោយអ៊ុយក្រែនប្រឆាំង នឹងគោលដៅយោធារុស្ស៊ី ។ លោកបានបន្ថែមថា មិនមានការរឹតត្បិតពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ឬសហរដ្ឋអាមេរិកទេ។
ទីក្រុងមូស្គូបានព្រមាន បណ្តា ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ប្រឆាំងនឹងការអនុញ្ញាតឱ្យអ៊ុយក្រែន ធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយលើកហេតុផលថា នេះអាចធ្វើឱ្យប្លុកយោធា ជាអ្នកចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះដោយសារ តែការវាយប្រហារបែបនេះនឹងតម្រូវឱ្យមានការកំណត់គោលដៅ ទិន្នន័យពីផ្កាយរណបរបស់អង្គការណាតូ ដែលជាសមត្ថភាពដែលទីក្រុងគៀវមិនមាន។
គួរឲ្យដឹងដែរថា ទីក្រុងមូស្គូបានធ្វើបច្ចុប្បន្នភាព គោលគោល នយាបាយនុយក្លេអ៊ែររបស់ខ្លួន កាលពីខែវិច្ឆិកាឆ្នាំមុនបន្ទាប់ពីការពិភាក្សា ដោយអ្នកគាំទ្ររបស់អ៊ុយក្រែន អំពីថា តើត្រូវអនុញ្ញាត ឱ្យទីក្រុងគៀវប្រើប្រាស់ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅ ជ្រៅនៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
