តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអបអរសាទរ បទឈប់បាញ់ រវាងប៉ាគីស្ថាន និងឥណ្ឌា ។
លោក Pezeshkian បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif ដែលកំពុងបំពេញទស្សនកិច្ច នៅប្រទេសប៉ាគីស្ថានថា អ៊ីរ៉ង់ បានពិចារណាធានាសន្តិសុខប្រកប ដោយនិរន្តរភាពនៅក្នុងតំបន់ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាមួយ និងក្នុងចំណោមអ្នកជិតខាង ដែលជាផលប្រយោជន៍រួម ។

បន្ទាប់ពីការវាយប្រហារ យោធារយៈពេល ៤ថ្ងៃលើគ្នាទៅវិញទៅមក ប៉ាគីស្ថាន និងឥណ្ឌាបានប្រកាសពីដើមខែនេះបទឈប់បាញ់។ ការប៉ះទង្គិចគ្នា បានចាប់ផ្តើមបន្ទាប់ពីឥណ្ឌា បានបើកការវាយប្រហារ តាមអាកាសទៅលើគោលដៅរបស់ប៉ាគីស្ថាន ដើម្បីសងសឹកការសម្លាប់មនុស្ស ២៦ នាក់ដោយខ្មាន់កាំភ្លើងនៅក្នុងទីក្រុង Pahalgam ប្រហែល ៨៩គីឡូម៉ែត្រភាគខាងកើតនៃ Srinagar ដែលជារដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀ ដែលគ្រប់គ្រងដោយឥណ្ឌា ។
ញូវដែលីបានស្តីបន្ទោសទីក្រុង អ៊ីស្លាម៉ាបាដ សម្រាប់ការគាំទ្រខ្មាន់កាំភ្លើង ដែលជាការចោទប្រកាន់មួយត្រូវ បានបដិសេធដោយទីក្រុងអ៊ីស្លាម៉ាបាដ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Pezeshkian បានលើកឡើងថា ដំណោះស្រាយ នៃភាពខុសគ្នាតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធី គឺជាតម្រូវការជាមុន សម្រាប់ការធានានូវការអភិវឌ្ឍន៍ និងសន្តិសុខប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។
ដោយពណ៌នាកិច្ចពិភាក្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរថាជា “ការស្ថាបនា” នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានឲ្យដឹងថា ប៉ាគីស្ថានបានព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕
