កូឡាឡាំពួរ៖ មេដឹកនាំនៃប្រទេសចិន អាស៊ីអាគ្នេយ៍ និងប្រទេសអារ៉ាប់ចំនួន៦ បានបើកកិច្ចប្រជុំលើកដំបូងរបស់ពួកគេ នៅប្រទេសម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងភាគីទាំងបី ដែលមានចំនួនប្រជាជន ស្មើនឹងមួយភាគបួននៃពិភពលោក ចំពេលមានភាពតានតឹង ពាណិជ្ជកម្មពិភពលោកជុំវិញពន្ធគយរបស់សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានឲ្យដឹង នៅក្នុងកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរ ថា ប្រទេសរបស់លោក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេស នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រគួរតែ “ធ្វើជាគំរូដ៏ល្អនៃការបើក ចំហរនៅទូទាំងតំបន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Li បាននិយាយដោយសំដៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-GCC ដែលមហាអំណាចអាស៊ី និងប្រទេស អារ៉ាប់ទាំង៦ កំពុងព្យាយាមសម្រេចថា “ទីផ្សាររបស់យើងប្រសិនបើមាន ទំនាក់ទំនងយ៉ាងពេញលេញនឹងបង្កើតកន្លែង កាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍” ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា អាស៊ាន GCC និងចិនជាសមូហភាពតំណាង ឱ្យផលិតផលក្នុងស្រុកសរុបសរុបចំនួន ២៤.៨៧ ពាន់ពាន់លានដុល្លារ ដែលកំពុងកើនឡើងជានិទស្សន្ត ហើយមានប្រជាជន ប្រមាណ ២.១៥ ពាន់លាននាក់ ។ លោកបានបន្ដថា “មាត្រដ្ឋានសមូហភាពផ្តល់ ឱកាសយ៉ាងច្រើនក្នុង ការធ្វើសមាហរណកម្មទីផ្សាររបស់យើង ធ្វើឱ្យស៊ីជម្រៅនូវការបង្កើតថ្មី និងជំរុញការវិនិយោគឆ្លងតំបន់” ។
លោកបានបន្ថែមថា៖ «ខ្ញុំមានទំនុកចិត្តថាអាស៊ាន GCC និងចិនអាចរីកចម្រើនលើលក្ខណៈពិសេសរបស់យើង និងបង្កើតអនាគតមួយ ដែលមានទំនាក់ទំនងកាន់តែល្អ»។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅពេលដែលប្រទេសចិន មានគោលបំណងជំរុញទំនាក់ទំនងជាមួយនឹងសេដ្ឋកិច្ចផ្សេងទៀត បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលបានបញ្ចប់នៅក្នុងកិច្ចព្រមព្រៀងបឋមកាលពីដើមខែនេះ ដើម្បីកាត់បន្ថយពន្ធ ដែលបានដាក់នាពេលថ្មីៗនេះ លើការនាំចូលរបស់គ្នាទៅវិញទៅមក៕
ប្រែសម្រួល ឈូក បូរ៉ា
