ពេលថ្មីៗកន្លងទៅនេះ មន្ត្រីការទូតរបស់ហ្វីលីពីន បានអះអាងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៦ថា គិតពិចារណាចុះកិច្ចព្រមព្រៀង កាន់តែច្រើន ដែលមានអំណោយផល ដល់ការគាំពារសន្តិភាព នៅសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ។ ប៉ុន្តែ ក្រៅពីសាលកិច្ចប្រជុំ ហ្វីលីពីនមានទង្វើ បង្ករឿងហេតុ ជាបន្តបន្ទាប់ ពីការអនុវត្តសកម្មភាពចម្រុះពហុភាគីលើសមុទ្រលើកទី៦ ជាមួយកងទ័ពអាមេរិក នៅលំហសមុទ្រប្រជុំកោះ Nansha ដែលនៅក្បែរកោះ Palawan និងកោះ Mindoro ដល់ការចាត់បញ្ជូននាវាកិច្ចការសាធារណៈ បំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Zhubi និងថ្មប៉ប្រះទឹក Tiexian នៃប្រជុំកោះNansha របស់ចិន ព្រមទាំងចាត់បញ្ជូនបុគ្គលិកឡើង លើថ្មប៉ប្រះទឹក Tiexian ។ ទង្វើរបស់ហ្វីលីពីន ទាំងនេះគឺធ្វើផ្ទុយនឹង “សន្តិភាព” តើនឹងធ្វើឱ្យប្រទេសអាស៊ានជឿនូវអ្វីដែលហៅថា “ចិត្តស្មោះ”យ៉ាងដូចម្តេច?

មួយរយៈពេលកន្លងទៅនេះ យុទ្ធសាស្ត្ររបស់ហ្វីលីពីន ជុំវិញសមុទ្រ ចិនខាងត្បូងបូករួមទាំង អាងអំណាចរបស់សហរដ្ឋអាមេរិក និងប្រទេសធំក្រៅតំបន់ ទៅគំរាមកំហែង អ្នកទទៃ បង្កស្ថានការណ៍តានតឹងលើសមុទ្រ តាមរយៈសកម្មភាព ឯកតោភាគី ប្រឌិតរឿងអវិជ្ជមានពាក់ព័ន្ធនឹងចិន ដើម្បីលាបពណ៌ លើប្រទេសចិន ឆ្លងតាមរយៈការតាក់តែងច្បាប់ ក្នុងប្រទេស ប៉ុនប៉ងពង្រឹងការកាត់ក្តីខុសច្បាប់ លើសំណុំរឿងមជ្ឈិតកម្ម សមុទ្រចិនខាងត្បូង ។ ចាប់ពីការអនុម័តលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ ស្តីពីតំបន់សមុទ្រនៅឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ “ឧបាយកលសំខាន់ៗ”របស់រដ្ឋាភិបាលលោក Marcos នៅសមុទ្រចិន ខាងត្បូងសុទ្ធតែបានបង្ហាញ មុខរួចហើយ ។ លទ្ធផលគឺ ហ្វីលីពីនមិនត្រឹមតែមិន សម្រេចបាននូវការប៉ុនប៉ង គ្រប់គ្រងជាថ្មីឡើងវិញ លើប្រជុំកោះ Zhongsha និងកោះ Huangyan ប៉ុណ្ណោះទេ ថែមទាំងផែនការស្តីពីការទន្រ្ទាន កាន់កាប់ដោយខុសច្បាប់ នូវកោះនិងថ្មប៉ប្រះទឹក ដែលគ្មានមនុស្សស្នាក់នៅដូចជាថ្មប៉ប្រះទឹក Xianbin ថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹក Ren’ai ជាដើមនៃប្រជុំកោះ Nansha ក៏បានទទួល បរាជ័យផងដែរ ។
តាមលទ្ធផល នៃការបោះឆ្នោត ពាក់កណ្តាលអាណត្តិ របស់ហ្វីលីពីន ដែលទើបបានបញ្ចប់ ក្នុងចំណោមសមាជិកព្រឹទ្ធសភា ចំនួន១២រូប នៃព្រឹទ្ធសភា ដែលបាន ជាប់ឆ្នោត សម្ព័ន្ធកាន់អំណាចដែលគាំទ្រ ដោយលោក Marcos ទទួលបានត្រឹមតែ៦អាសនៈ ដែលមិនបានសម្រេច គោលដៅប៉ាន់ ប្រមាណនោះទេ ។ ឥស្សរជនវិភាគ បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតហ្វីលីពីន គឺយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់ប្រជាជន ក្នុងស្រុក និងការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំង ជាងបញ្ហាអន្តរជាតិ ពួកគេរំពឹងថា រដ្ឋាភិបាល អាចគាំពារស្ថិរភាព នៃស្ថានការណ៍សមុទ្រ ចិនខាងត្បូង ដើម្បីធានាឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីន ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ តែមិនមែនធ្វើពុតជាមានភាពខ្លាំងក្លាលើសមុទ្រនោះឡើយ ។
កាលពីខែមេសា ឆ្នាំនេះ ចិន និងប្រទេសអាស៊ាន បានរៀបចំធ្វើកិច្ចប្រជុំ នៃក្រុមការងារចម្រុះលើកទី៤៧ ស្តីពីការអនុវត្តជាក់ស្តែងនូវ 《សេចក្តីប្រកាស ប្រតិបត្តិ សមុទ្រចិន ខាងត្បូង》 ។ភាគីនានាបានឯកភាពគ្នាបន្តបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ អនុវត្តដោយគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីប្រកាសនេះ ដើម្បីខិតខំប្រឹងប្រែងឈាន ដល់ក្រមប្រតិបត្តិនៅសមុទ្រចិន ខាងត្បូងក្នុងពេលឆាប់ៗ ។
នៅរយៈពេលមួយសប្តាហ៍មុន ចិននិងអាស៊ានបានសម្រេចការ ចរចាអំពីតំបន់ពាណិជ្ជកម្មសេរីទម្រង់ ៣.០ ការអភិវឌ្ឍក្នុងតំបន់ទទួលបានកាលានុវត្តភាពថ្មី ។ ក្នុងឱកាសគន្លឹះនេះ ហ្វីលីពីនទទូចបង្ករឿងហេតុ ប៉ុនប៉ងទប់ស្កាត់ប្រទេសចិន តាមរយៈសហរដ្ឋអាមេរិក វាមិនសមស្របនឹង គោលបំណង របស់ប្រជាជនហ្វីលីពីនផង ហើយក៏មិនអាចទទួលបានការគាំទ្រ ពីសំណាក់ប្រទេសជិត ខាងផ្សេងទៀត នៅសមុទ្រចិនខាងត្បូងដែរ ទីបំផុត មានតែក្លាយជាគ្រឿងបូជា ក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងប្រទេសធំដទៃទៀតតែប៉ុណ្ណោះ ៕
