វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាលោកកំពុងលេងជាមួយភ្លើង ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ចប់ភ្លាមៗនោះទេ ហើយថ្មីៗនេះទាំងអាមេរិក និងប្លុកអឺរ៉ុប ក៏បានបើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធវាយប្រហាររយៈចម្ងាញឆ្ងាយរបស់ខ្លួនផងដែរ។
លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social របស់លោកកាលពីព្រឹកថ្ងៃអង្គារថា
“អ្វីដែលលោក វ្ល៉ាឌីមៀ ពូទីន មិនដឹងនោះ គឺថា ប្រសិនបើវាមិនមែន សម្រាប់ខ្ញុំទេ រឿងអាក្រក់ជាច្រើននឹងកើតឡើង ចំពោះប្រទេសរុស្ស៊ី ហើយខ្ញុំមានន័យថា ពិតជាអាក្រក់ លោក ពូទីន កំពុងលេងជាមួយភ្លើងហើយ!”
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានធ្វើការកត់សម្គាល់យ៉ាងតឹងរ៉ឹងទៅលើលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីផលវិបាកនៃការបន្ដសង្គ្រាម ។ លោក បានប្រាប់អ្នកយកព័ត៌មានមុនពេលលោកឡើងជិះយន្តហោះ Air Force One ពីរដ្ឋ New Jersey ត្រឡប់ទៅ Washington D.C វិញថា “ខ្ញុំមិនសប្បាយចិត្តនឹងអ្វីដែល ពូទីន កំពុងធ្វើនោះទេ” ។
លោកបានលើកឡើងថា «ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះលោក ពូទីន នោះទេ។ ក្រោយមកនៅល្ងាចថ្ងៃអាទិត្យ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះតាមសង្គម Truth Social ទៀតថា លោក ពូទីន មេចបានជាឆ្កួតអស់ទៅហើយ!»។ បន្ទាប់មកលោក បានងាកទៅលោក ហ្សេឡិនស្គី ដោយថា លោកកំពុងធ្វើឲ្យប្រទេសរបស់លោកមិនពេញចិត្ត តាមរបៀបដែលគាត់ធ្វើ ដែលជាការយោងទៅលើសេចក្តីថ្លែងការណ៍ដែល លោក ហ្សេឡិនស្គី បានធ្វើកាលពីថ្ងៃអាទិត្យ ដែលរិះគន់ភាពស្ងៀមស្ងាត់របស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារចុងក្រោយរបស់រុស្ស៊ី។
រដ្ឋបាលលោក ត្រាំ បានព្រមានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះថា អាមេរិក អាចនឹងដើរចេញពីការចរចាដ៏ខកចិត្ត សម្រាប់បទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន។ ជាការឆ្លើយតបទៅនឹងការរិះគន់កាន់តែខ្លាំងឡើងរបស់លោក ត្រាំ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បានសរសេរនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា “ទាក់ទងនឹងពាក្យសម្ដីរបស់លោក ត្រាំ អំពីលោក ពូទីន លេងជាមួយភ្លើង និងពិតជារឿងអាក្រក់ ដែលកើតឡើង ចំពោះប្រទេសរុស្ស៊ី ខ្ញុំដឹងតែរឿងអាក្រក់មួយគត់ នោះគឺសង្គ្រាមលោកលើកទី៣ ខ្ញុំសង្ឃឹមថាលោក ត្រាំ នឹងយល់ពីរឿងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
