ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទទួលបានសម្ភារៈយោធាជាង ៩០,០០០តោន ចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សា ផ្ទុះឡើង

Xinhua

យេរ៉ូសាឡឹម៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះដឹកទំនិញយោធាចំនួន ៨០០ បានចុះចតនៅក្នុងប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមនៃ ការវាយលុករយៈពេល ១៩ ខែរបស់ខ្លួននៅតំបន់ហ្គាហ្សា ដោយនាំយកសម្ភារៈយោធាសរុបជាង ៩០,០០០ តោន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការដឹកជញ្ជូនចុងក្រោយបំផុតដែលបានចុះចតកាលពីចុងសប្តាហ៍ គឺសំដៅគាំទ្រជាចម្បងនូវការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និងការប្រយុទ្ធរបស់ខ្លួននៅក្នុងប្រទេសលីបង់ និងស៊ីរី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ការដឹកជញ្ជូនដែលរួមមានគ្រាប់បែក រថពាសដែក ឧបករណ៍ការពារផ្ទាល់ខ្លួន និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ត្រូវបានអនុវត្តដោយសហការជាមួយបេសកកម្មរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និងផ្នែកផ្សេងទៀតនៃយោធាអ៊ីស្រាអែល។

ក្រសួងបានឲ្យដឹងថា ក្រៅពីការដឹកជញ្ជូនតាមផ្លូវអាកាស ការដឹកជញ្ជូនទំនិញប្រហែល ១៤០ បានមកដល់តាមផ្លូវសមុទ្រ។ ក្រសួងបានឲ្យដឹងទៀតថា “ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រនេះ គឺជាធាតុសំខាន់មួយក្នុងការរក្សាការបន្តប្រតិបត្តិការ បំពេញតម្រូវការ IDF (កងកម្លាំងការពារអ៊ីស្រាអែល) ដ៏ទូលំទូលាយ សម្រាប់ការសម្រេចបាននូវគោលបំណងក្នុងសម័យសង្គ្រាម និងបង្កើនការត្រៀមកម្លាំង” ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយលុកលើដី និងផ្លូវអាកាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស់ បានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥១ នាក់ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញផ្នែកធំនៃតំបន់ជុំវិញដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤.០៥៦ នាក់ និងរបួស ១២៣.១២៩ នាក់ផ្សេងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top