បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា សេចក្តីថ្លែងការណ៍ ចុងក្រោយបំផុត និង សកម្មភាពបង្កហេតុ របស់រដ្ឋសមាជិកសហភាពអឺរ៉ុប មួយចំនួនកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តសម្រាប់ ដំណោះស្រាយដោយសន្តិវិធី នៃជម្លោះអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់គាត់បានឆ្លើយតប ទៅនឹងការកត់សម្គាល់ របស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merzក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទាក់ទងនឹងការផ្លាស់ប្តូរសក្តានុពលរបស់ទីក្រុងប៊ែរឡាំងលើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិចរបស់ប្រទេសអ៊ុយក្រែន។
លោកMerz បានប្រកាសនៅក្នុងសន្និសីទ កាសែតរួមមួយជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែនក្នុងទីក្រុង Berlin កាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់នឹងជួយប្រទេសនេះ ផលិតមីស៊ីលរយៈចម្ងាយឆ្ងាយនៅពេលខាងមុខទៀតផង។
លោក Peskov បានប្រាប់អ្នកកាសែត Pavel Zarubin ថា ៖ជាការពិតណាស់ សកម្មភាពទាំងអស់នេះ រារាំងកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដោយបន្ថែមថា អាល្លឺម៉ង់កំពុងប្រកួតប្រជែងជាមួយបារាំង សម្រាប់ឧត្តមភាពក្នុងការ បង្កជម្លោះបន្ថែមទៀត។
គួរឲ្យដឹងដែរថាអ្នកនាំពាក្យ វិមានក្រឹមឡាំង បានសម្តែងក្តីសង្ឃឹមយ៉ាងដូច្នេះ
ទោះបីជា៖មានឧបសគ្គ ទាំងអស់ក៏ដោយ ក៏វានៅតែអាចបន្តដំណើរការឆ្ពោះទៅរកដំណោះស្រាយការទូត រួមទាំងការចរចាជុំទីពីរផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
