បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបានច្រានចោល របាយការណ៍មួយនៅក្នុងកាសែត New York Times ដែលអះអាងថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានគម្រាម បង្អាក់កិច្ចចរចា នុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ដោយផែនការវាយលុកទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយហៅវាថា ព័ត៌មានក្លែងក្លាយ ។
អត្ថបទដែលបានចេញ ផ្សាយកាលពីថ្ងៃពុធបានដកស្រង់សម្តី មន្ត្រីដែលមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា មេដឹកនាំអ៊ីស្រាអែលភ័យខ្លាចថា ប្រធានាធិបតី អាមេរិក Donald Trump អាចនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ រក្សាសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់ខ្លួន ដែលយ៉ាងណាក្តីអ៊ីស្រាអែល បានប្រកាសប្រឆាំងយ៉ាងខ្លាំង។
របាយការណ៍នេះក៏ផ្តល់ យោបល់ថា ចារកម្មអាមេរិកជឿថា អ៊ីស្រាអែលអាចបើកការ វាយប្រហារលើអ៊ីរ៉ង់ ដោយមានការជូនដំណឹងតិចជាង៧ម៉ោង បើទោះបីជាកិច្ចព្រមព្រៀង ការទូតត្រូវបានសម្រេចក៏ដោយ។
ការិយាល័យរបស់លោក Netanyahu បានឆ្លើយតបនឹងអត្ថបទនេះ ជាមួយនឹងសេចក្តីថ្លែងការណ៍ខ្លីមួយថា វាគឺជាព័ត៌មានក្លែងក្លាយ។
យោងតាមអត្ថបទនេះ មន្ត្រីអ៊ីស្រាអែល រួមទាំងរដ្ឋមន្ត្រីក្រសួងកិច្ចការ យុទ្ធសាស្ត្រ Ron Dermer និងប្រមុខ Mossad លោក David Barnea បានជួបជាមួយបេសកជន ពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff និងនាយក CIA លោក John Ratcliffe ក្នុងចំណោម មន្ត្រីដទៃទៀត ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះការចរចានេះយ៉ាងខ្លាំង។
កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ដែលកំពុង បន្តមានគោលបំណងរារាំងអ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ខណៈការដកទណ្ឌកម្មដែលលោក Trump បានដាក់ក្នុងឆ្នាំ ២០១៨ ដែលលោកបានអះអាងថា បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ធ្លាក់ដល់គែមនៃការដួលរលំជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី
