បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានសន្យាថា នឹងជួយអ៊ុយក្រែនផលិតអាវុធរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនដែលខ្លួនអាចប្រើដើម្បីវាយប្រហារគោលដៅនៅក្រៅទឹកដីដែលខ្លួនទាមទារ។ ចំណែកទីក្រុងមូស្គូបានរិះគន់ចំណាត់ការនេះ ដោយនិយាយថា វាធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ លោក Merz បាននិយាយថា “មិនមានការរឹតបន្តឹងទៀតទេ” លើអាវុធដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដោយអះអាងថាដែនកំណត់ត្រូវបានដកចេញ “ប៉ុន្មានខែមុន” ។
កាលពីថ្ងៃពុធ អធិការបតីអាល្លឺម៉ង់បាននិយាយថា លោកក៏បានជូនដំណឹងដល់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ថាទីក្រុងប៊ែរឡាំងនឹងគាំទ្រអ៊ុយក្រែនក្នុងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន។ លោក Merz បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៊ែរឡាំងថា “រដ្ឋមន្ត្រីការពារជាតិរបស់យើងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ទាក់ទងនឹងការទិញប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន”។
លោកបាននិយាយថា “យើងក៏ចង់ធានានូវការផលិតរួមគ្នាដែរ ប៉ុន្តែយើងនឹងមិនបង្ហាញព័ត៌មានលម្អិតជាសាធារណៈទេ” ដោយបន្ថែមថានឹងមិនមានការដាក់កម្រិតលើអាវុធទាំងនេះទេ ហើយទីក្រុងគៀវ នឹងត្រូវបានអនុញ្ញាតឱ្យវាយប្រហារគោលដៅនៅខាងក្រៅទឹកដីរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
