បរទេស៖ អ៊ុយក្រែន ច្បាស់ជា ពឹងផ្អែកលើជំនួយ ពីលោកខាងលិច ប្រសិនបើអ៊ុយក្រែនពិត ជាបានកំណត់គោលដៅ ឧទ្ធម្ភាគចក្រដឹក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន។ នេះបើតាម អតីតមន្ត្រីចារកម្មកង ម៉ារីនអាមេរិក និងជាអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិ លោក Scott Ritter បានប្រាប់សារព័ត៌មាន RT ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មេបញ្ជាការកងពលការពារ ដែនអាកាសរុស្ស៊ី Yury Dashkin បានប្រាប់ប៉ុស្តិ៍ Russia 1 កាលពីសប្តាហ៍មុនថា ឧទ្ធម្ភាគចក្ររបស់លោក ពូទីន ត្រូវបានចាប់ជា “ចំណុចកណ្តាល” នៃការវាយប្រហារដោយយន្តហោះ គ្មានមនុស្ស បើករបស់អ៊ុយក្រែន ក្នុងអំឡុងពេលលោក ទស្សនកិច្ចទៅកាន់តំបន់ Kursk កាលពីថ្ងៃទី ២០ ឧសភា ។ អាំងតង់ស៊ីតេ នៃការលុកលុយ តាមអាកាស “កើនឡើងយ៉ាងខ្លាំង” នៅពេល ដែលប្រធានាធិបតីរុស្ស៊ីកំពុង ស្ថិតនៅលើអាកាស ដោយមាន យន្តហោះគ្មានមនុស្សបើកចំនួន៤៦គ្រឿង ដែលហោះចូលមក ត្រូវបានបាញ់ទម្លាក់ ។
នៅក្នុងបទសម្ភាសន៍ជាមួយ RT កាលពីថ្ងៃពុធ លោក Ritter បានសង្កត់ធ្ងន់ថា “ប្រសិនបើយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែនពិតជាបានកំណត់គោលដៅប្រធានាធិបតីរុស្ស៊ីមែន នោះ ពួកគេមិនបានធ្វើដូច្នេះ ដោយឯកឯងឡើយ… គឺនឹងមានជំនួយ ដែលផ្តល់ដោយលោកខាងលិច ដែលមានន័យថា លោកខាងលិច កំពុងកំណត់គោលដៅប្រធានាធិបតីរុស្ស៊ី” ។
លោកបានបន្ថែមថា “ប្រសិនបើអ្នកអានគោល លទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី នេះគឺជាការបង្កហេតុ សម្រាប់ការសងសឹក នុយក្លេអ៊ែររបស់រុស្ស៊ី ឬការវាយប្រហារទុកជាមុន។ ដូច្នេះ តើអ្នកណាកំពុងលេងភ្លើងនៅទីនេះ? វាមិនមែនជាលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងលេងភ្លើងនោះទេ តែ វាគឺជាអ៊ុយក្រែន និងលោកខាងលិច ទៅវិញទេ ដែលកំពុងលេងភ្លើង”។
អតីតមេទ័ពជើងទឹកអាមេរិករូបនេះ បាននិយាយសំដៅលើការអត្ថាធិប្បាយ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានអះអាង កាលពីដើមសប្តាហ៍នេះថា លោកពូទីន «កំពុងលេងជាមួយភ្លើង»៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									