ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានទៅលោក ណេតាន់យ៉ាហ៊ូ ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ចំពេលមានកិច្ចចរចា នុយក្លេអ៊ែរ

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានព្រមាននាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចានមីន ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹង ការចាត់វិធានការណាមួយ ដែលអាចគំរាមកំហែងដល់កិច្ចចរចា ដែលកំពុងបន្តរវាងរដ្ឋបាលលោក ត្រាំ និងប្រទេសអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀង នុយក្លេអ៊ែរថ្មីមួយ។

លោក ដូណាល់ ត្រាំ បានលើកឡើងនៅពេល ត្រូវបានគេសួរថា តើលោកបានព្រមានលោក ណេតាន់យ៉ាហ៊ូ ប្រឆាំងនឹងការវាយប្រហារលើ អ៊ីរ៉ង់ដែរឬទេ ដើម្បីកុំឱ្យរំខានដល់កិច្ចពិភាក្សា ដែលមន្ត្រីអាមេរិកកំពុងជួប ចរចាជាមួយទីក្រុងតេអេរ៉ង់ លោក ត្រាំ បានបន្ថែមថា “ខ្ញុំគ្រាន់តែនិយាយថា ខ្ញុំមិនគិតថាវាសមរម្យទេ យើងកំពុងពិភាក្សាគ្នាយ៉ាងល្អជាមួយពួកគេ ហើយខ្ញុំគិតថា វាមិនសមរម្យទេនៅពេលនេះ” ។

លោក ដូណាល់ ត្រាំ ក៏បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពអាចផ្លាស់ប្តូរនៅពេលណាមួយ។ លោកថា “ឥឡូវនេះ ខ្ញុំគិតថាពួកគេចង់ធ្វើកិច្ចព្រមព្រៀង ។ ហើយប្រសិនបើយើងអាចធ្វើកិច្ចព្រមព្រៀងបាន ខ្ញុំនឹងជួយសង្គ្រោះជីវិត មនុស្សជាច្រើន” ។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi ដែលជាអ្នកសម្រុះសម្រួល ក្នុងកិច្ចចរចាបាននិយាយថា ជុំទីប្រាំនៃកិច្ចចរចា ដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់កាលពីសប្តាហ៍ មុននៅទីក្រុងរ៉ូម ជាមួយនឹង “វឌ្ឍនភាពមួយចំនួន ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបាននោះទេ”។

ជុំចុងក្រោយនៃកិច្ចចរចាបានធ្វើឡើងចំពេលមានគម្លាតរវាងភាគីទាំងពីរជុំវិញ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ភាពតានតឹង ដែលកំពុងកើតឡើងរវាងប្រទេសទាំងពីរ ត្រូវបានគេរាយការណ៍ថា ផ្តោតលើការចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញនូវការទាមទាររបស់ខ្លួនឱ្យអ៊ីរ៉ង់ បញ្ឈប់សកម្មភាពចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់ ប៉ុន្តែទីក្រុងតេអេរ៉ង់ បានច្រានចោលគំនិតនេះ និងទាមទារឱ្យមានការដក ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។

កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃពុធថា លោក ណេតាន់យ៉ាហ៊ូ ដែលមានការប្រុងប្រយ័ត្ន ចំពោះដំណោះស្រាយការទូតក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែបន្តដាក់សម្ពាធ សម្រាប់សកម្មភាពយោធា ដែលនឹងគាំទ្រដល់ការជំរុញរបស់លោក ត្រាំ សម្រាប់កិច្ចព្រមព្រៀង ឬការចរចានុយក្លេអ៊ែរ ។ កាសែតធំៗនៅសហរដ្ឋអាមេរិក បានកត់សម្គាល់ថា មន្ត្រីអ៊ីស្រាអែល បានប្រាប់សមភាគីអាមេរិក របស់ពួកគេថា លោក ណេតាន់យ៉ាហ៊ូ អាចបញ្ជាឱ្យមានការ វាយប្រហារលើអ៊ីរ៉ង់ ទោះបីជាកិច្ចព្រមព្រៀង ការទូតជោគជ័យ ត្រូវបានសម្រេចក៏ដោយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top