មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា កិច្ចចរចាជុំទី២ រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី២ ខែមិថុនា។ លោក Lavrov បានលើកឡើងថា គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី នឹងប្រគល់សេចក្តីព្រាង អនុស្សរណៈសន្តិភាព ដល់អ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំ។
លោក Lavrov បានលើកឡើងថា គណៈប្រតិភូបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការបំភ្លឺចាំបាច់លើអនុស្សរណៈនៅក្នុងកិច្ចចរចាជុំទីពីរនេះ ដោយបន្ថែមថា រុស្ស៊ីបានដាក់ចេញនូវគោលជំហររបស់ខ្លួនលើគ្រប់ទិដ្ឋភាពនៃ “ការយកឈ្នះលើមូលហេតុឫសគល់” នៃវិបត្តិអ៊ុយក្រែននៅក្នុងឯកសារ។
រុស្ស៊ី និងអ៊ុយក្រែនបានបើកការចរចាដោយផ្ទាល់ចុងក្រោយបំផុតរបស់ពួកគេនៅថ្ងៃទី១៦ ខែឧសភា ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ ២០២២។ កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់។ ជាមួយគ្នានេះដែររដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឲ្យដឹងថា ប្រទេសរបស់លោករំពឹងថា នឹងទទួលបាន “អនុស្សរណៈ” សន្តិភាពពីប្រទេសរុស្ស៊ី តាមរយៈកិច្ចប្រជុំដែលបានប្រកាសនៅថ្ងៃទី២ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Umerov ដែលជាប្រធានគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចពិភាក្សាជាមួយរុស្ស៊ី បានសរសេរក្នុងសារបង្ហោះនៅលើបណ្ដាញ Facebook ថា “យើងមិនជំទាស់នឹងកិច្ចប្រជុំបន្ថែមជាមួយរុស្ស៊ីនោះទេ ហើយកំពុងរង់ចាំអនុស្សរណៈរបស់ពួកគេ ដូច្នេះកិច្ចប្រជុំនឹងមិននៅទទេ ហើយពិតជាអាចជំរុញយើងឱ្យខិតទៅជិតការបញ្ចប់សង្រ្គាម” ។
លោកបានលើកឡើងថា “ភាគីរុស្ស៊ីមានពេលយ៉ាងតិចបួនថ្ងៃទៀតមុនពេលពួកគេចាកចេញ ដើម្បីផ្តល់ឯកសាររបស់ពួកគេសម្រាប់ការពិនិត្យ”។ លោក Umerov បានកត់សម្គាល់ថាគាត់បានប្រគល់ឯកសារដែលឆ្លុះបញ្ចាំងពីជំហររបស់អ៊ុយក្រែន ដល់ប្រធានគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky រួចហើយ។
គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានធ្វើការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគីយ៉េ កាលពីថ្ងៃទី ១៦ ឧសភា ដែលជាការកត់សម្គាល់ការចរចាដោយផ្ទាល់លើកដំបូងរវាងប្រទេសចាប់តាំងពីខែមីនា ឆ្នាំ ២០២២។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា នៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ការចរចាជុំទីពីរនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២ ខែមិថុនា៕
ប្រែសម្រួល ឈូក បូរ៉ា
