បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកហូតទិដ្ឋាការរបស់និស្សិតចិន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានស្វែងរកការបង្កើនការនិរទេស និងដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍រឹងមាំរបស់ខ្លួន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Rubio បាននិយាយថា ក្រសួងការបរទេសក៏នឹងពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យទិដ្ឋាការ ដើម្បីបង្កើនការត្រួតពិនិត្យលើការស្នើសុំទិដ្ឋាការនាពេលអនាគតទាំងអស់ពីប្រទេសចិនដីគោក និងហុងកុង។
លោកបានបន្តថា “ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងធ្វើការជាមួយក្រសួងសន្តិសុខមាតុភូមិ ដើម្បីលុបចោលទិដ្ឋាការ សម្រាប់និស្សិតចិន” ។ ចំណែកស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។
សូមជម្រាបថា ចំនួននិស្សិតអន្តរជាតិចិននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២៧៧.០០០ នាក់ក្នុងឆ្នាំ ២០២៤ ពីកម្រិតខ្ពស់ប្រហែល ៣៧០.០០០ ក្នុងឆ្នាំ ២០១៩ ដែលជំរុញមួយផ្នែកដោយភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និងបង្កើនការត្រួតពិនិត្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះនិស្សិតចិនមួយចំនួន៕
ប្រែសម្រួលៈ ណៃ តុលា
