ព័ត៌មានអន្តរជាតិ

សមាជិកសភារុស្ស៊ីជាន់ខ្ពស់មួយរូបព្រមានថា រុស្ស៊ី​ត្រៀម​វាយប្រហារ​អាល្លឺម៉ង់ ប្រសិនបើ​អ៊ុយក្រែនប្រើ​មីស៊ីល Taurus

RT News

បរទេស៖ សមាជិកសភារុស្ស៊ីជាន់ខ្ពស់មួយរូបបានព្រមានថា រុស្ស៊ីអាចអនុញ្ញាតឲ្យមានការវាយប្រហារលើទឹកដីអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែនប្រើកាំជ្រួច Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដើម្បីវាយប្រហារគោលដៅរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយទាមទារឱ្យមានការចូលរួមពីយោធាអាល្លឺម៉ង់ដោយផ្ទាល់ ដើម្បីប្រតិបត្តិការ ដែលធ្វើឱ្យទីក្រុងប៊ែរឡាំងក្លាយជាអ្នកចូលរួមដ៏មានសក្តានុពលក្នុងការវាយប្រហារបែបនេះ។

ការរំពឹងទុកអំពីការបញ្ជូនមីស៊ីល Taurus ដ៏មានសក្ដានុពលទៅកាន់ទីក្រុងគៀវ បានកើតឡើងជាថ្មីក្នុងសប្តាហ៍នេះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា អ៊ុយក្រែននឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយគ្មានដែនកំណត់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Merz បានបញ្ជាក់ថា ការផ្តល់ប្រព័ន្ធមីស៊ីល Taurus គឺ “អាចធ្វើទៅបាន” ទោះបីជាលោកបានបន្ថែមថា កងកម្លាំងអ៊ុយក្រែននឹងត្រូវការ “ការបណ្តុះបណ្តាលជាច្រើនខែ” ដើម្បីប្រើប្រាស់វាឱ្យមានប្រសិទ្ធភាពក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Life.ru កាលពីថ្ងៃពុធ លោក Kartapolov បាននិយាយថា ទីក្រុងម៉ូស្គូ “ត្រៀមខ្លួនសម្រាប់អ្វីគ្រប់យ៉ាង” ប្រសិនបើអាល្លឺម៉ង់បន្តជាមួយនឹងការបញ្ជូនមីស៊ីលបែបនេះ។

លោក​បាន​ព្រមាន​ថា​ «​យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ស្ទាក់​ចាប់​មីស៊ីលTaurus វាយប្រហារ​កន្លែង​បាញ់​បង្ហោះ ប្រតិបត្តិករ ហើយ​បើ​ចាំបាច់ ទីតាំង​ដែល​ពួកគេ​ត្រូវ​បញ្ជូន​មក​»​។

កាំជ្រួច Taurus KEPD 350 មានរយៈចម្ងាយហោះជាង ៥០០ គីឡូម៉ែត្រ និងអាចទៅដល់គោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top