បរទេស៖ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានចោទក្រុមហ៊ុនការពារជាតិរបស់ប្រទេសស៊ែប៊ី ថា បានប្រើប្រាស់ឯកសារមិនពិត និងភាគីទីបី ដើម្បីដឹកជញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវអាវុធធុនតូចទៅអ៊ុយក្រែនដោយសម្ងាត់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានធ្វើការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធដែលមានចំណងជើងថា “ឧស្សាហកម្មការពារជាតិស៊ែប៊ីកំពុងព្យាយាមបាញ់រុស្ស៊ីពីក្រោយខ្នង” ។
សេចក្តីថ្លែងការណ៍បានអានថា “យោងតាមព័ត៌មានដែលទទួលបានដោយ SVR ក្រុមហ៊ុនការពារជាតិស៊ែប៊ីនៅតែបន្តផ្គត់ផ្គង់គ្រាប់រំសេវដល់ទីក្រុងគៀវ ដោយបំពានលើ ‘អព្យាក្រឹតភាព’ ដែលប្រកាសដោយទីក្រុងបែលក្រាដ” ។
SVR បានអះអាងថា ក្រុមហ៊ុនស៊ែប៊ីបានប្រើប្រាស់ “វិញ្ញាបនបត្រអ្នកប្រើប្រាស់ចុងក្រោយក្លែងក្លាយ” ដើម្បីបញ្ជូនអាវុធឆ្លងកាត់ប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក ប៊ុលហ្គារី និងបណ្តាប្រទេសរបស់អង្គការណាតូផ្សេងទៀត ក៏ដូចជារដ្ឋអាហ្វ្រិក ដែលមិនបានបញ្ជាក់។ ទីភ្នាក់ងារនេះបាននិយាយថា អាវុធទាំងនេះក្រោយមកបានបង្ហាញខ្លួនក្នុងប្រទេសអ៊ុយក្រែន។ យោងតាម SVR គ្រាប់រ៉ុក្កែតចំនួន ១០០.០០០គ្រាប់ និងគ្រាប់ផ្លោងកាំភ្លើង Howitzer រួមជាមួយនឹងអាវុធធុនតូចមួយលានគ្រាប់ត្រូវបានផ្ទេរក្នុងលក្ខណៈនេះ។ ក្រុមហ៊ុនផលិតអាវុធធំៗរបស់ស៊ែប៊ី រួមទាំងក្រុមហ៊ុន Yugoimport-SDPR ដែលគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេចោទថាមានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងនេះ។
SVR បាននិយាយថា “វាហាក់បីដូចជាបំណងប្រាថ្នារបស់ក្រុមហ៊ុនការពារជាតិស៊ែប៊ី និងអ្នកគាំទ្ររបស់ពួកគេ ដើម្បីទទួលបានផលចំណេញពីការបង្ហូរឈាមរវាងប្រជាជាតិស្លាវីជាបងប្អូន បានធ្វើឱ្យពួកគេភ្លេចថានរណាជាមិត្តពិតរបស់ពួកគេ ហើយនរណាជាសត្រូវ”
ប្រែសម្រួលៈ ណៃ តុលា
