យូអិន៖ បេសកជនចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានអំពាវនាវ ឱ្យរុស្ស៊ី និងអ៊ុយក្រែន រក្សាសន្ទុះ នៃកិច្ចចរចាសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
រុស្ស៊ី និងអ៊ុយក្រែន ដែលថ្មីៗ នេះបានធ្វើការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល និងបានយល់ព្រមលើការ ដោះដូរអ្នកទោសនឹងធ្វើការចរចាដោយផ្ទាល់ ជុំទីពីរក្នុងពេលឆាប់ៗនេះ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍ រងរបស់ចិនប្រចាំអង្គការ សហប្រជាជាតិ បានឲ្យដឹបថា ប្រទេសចិនស្វាគមន៍ ចំពោះការអភិវឌ្ឍន៍វិជ្ជមានទាំងនេះ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព។
នៅពេលជាមួយគ្នានោះ ការប្រយុទ្ធគ្នាមិន បង្ហាញពីសញ្ញានៃការបញ្ឈប់នោះទេ ហើយចំនួនអ្នកស្លាប់ និងរបួសជនស៊ីវិលនៅតែបន្តកើនឡើង ដែលបង្ហាញថា វិបត្តិអ៊ុយក្រែនពាក់ព័ន្ធនឹងសក្ដានុពលដ៏ស្មុគស្មាញ និងមិនអាចដោះស្រាយបានពេញមួយយប់។
លោកបានលើកឡើងថា ភាគីជម្លោះគួរ តែបង្ហាញពីឆន្ទៈនយោបាយ រក្សាសន្ទុះនៃកិច្ចចរចាសន្តិភាព ដោះស្រាយឫសគល់ នៃវិបត្តិតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីសម្រេចបាន ដំណោះស្រាយនយោបាយនៅទីបំផុត។
លោកបានបន្ដថា ភាគី នៃជម្លោះគួរតែគោរពយ៉ាងម៉ឺងម៉ាត់ នូវច្បាប់មនុស្សធម៌អន្តរជាតិ ហើយចៀសវាងការ វាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងកាលៈទេសៈណាក៏ដោយ ។  “ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងរួមគ្នា និងចាត់វិធានការ យ៉ាងសកម្ម ដើម្បីធ្វើឱ្យស្ថានការណ៍ នៅសមរភូមិត្រជាក់ ចុះឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន” ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																											 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									