យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានទម្លាក់ការព្យាករណ៍ កំណើនរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ មកត្រឹម ៣.៦ភាគរយពី ៤.៣ ភាគរយដែលបាន ព្យាករណ៍នៅក្នុងខែមករា។
ក្រសួងបានពន្យល់ថា សេណារីយ៉ូមូលដ្ឋាន នៃការព្យាករណ៍ពីមុនបានសន្មត់ថា មានការថយចុះនៃការប្រយុទ្ធ និងការជ្រើសរើសយោធាក្នុងឆ្នាំបច្ចុប្បន្ន ប៉ុន្តែនេះមិនទាន់សម្រេចបាននៅឡើយទេ រហូតមកដល់ពេលនេះ។
សេណារីយ៉ូដែលបានកែប្រែនេះ រំពឹងថា នឹងមានការកើនឡើងនៃកងកម្លាំងបម្រុង សម្រាប់ប្រតិបត្តិការប្រយុទ្ធ នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២៥ បន្ទាប់មកដោយការ កាត់បន្ថយបន្តិចម្តងៗក្នុងការជ្រើសរើសបុគ្គលិកបម្រុង ដែលចាប់ផ្តើមតែនៅក្នុង ត្រីមាសទីបីប៉ុណ្ណោះ។
ការព្យាករណ៍ថ្មីក៏គិតគូរពីផលប៉ះពាល់ នៃគោលនយោបាយពន្ធនាំចូលថ្មី របស់សហរដ្ឋអាមេរិក និងទិន្នន័យផ្លូវការថ្មីៗស្តីពីសកម្មភាព នៃសេដ្ឋកិច្ចអ៊ីស្រាអែលផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ក្រសួងអ៊ីស្រាអែលសន្មតថាការដំឡើងពន្ធ របស់សហរដ្ឋអាមេរិក នឹងនាំឱ្យមានការថយ ចុះប្រហែលពីរភាគរយ នៅក្នុងពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៥ និង២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
