“នេះជាទស្សនៈលំអៀង ខាងមនោគមវិជ្ជា” “បំផ្លាញដល់ទំនាក់ទំនង អប់រំ រវាងចិន និងអាមេរិក ក្នុងរយៈពេលយូរ” “នឹងបង្កការបំផ្លាញ ដ៏ខ្លាំងក្លាដល់ការរីក ចម្រើន ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់អាមេរិក” ។ ល ។ អំពីរឿងដែលលោក Marco Antonio Rubio រដ្ឋមន្ត្រីការបរទេស អាមេរិក បានប្រកាស កាលពីថ្ងៃទី២៨ ខែឧសភាថា សហរដ្ឋអាមេរិក ចាប់ផ្តើមលុបចោលទិដ្ឋការ របស់និស្សិតចិន មតិអន្តរជាតិ បានរិះគន់ព្រោងព្រាត ។ អំពីទង្វើ របស់ភាគីអាមេរិក ដែលប្រកបដោយលក្ខណៈនយោបាយ និងភាពរើសអើង ភាគីចិនបានបង្ហាញ ការប្រឆាំងយ៉ាងច្បាស់លាស់ ហើយបាន លើកឡើងការតវ៉ា ដើម្បីគាំពារយ៉ាងមុតមាំ នូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ របស់និស្សិតបន្តការសិក្សា នៃប្រទេសចិន ។

តាមការពិត ចាប់ពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើង កាន់មុខតំណែងមក វិធានការដាក់កំហិត ទៅលើនិស្សិតអន្តរជាតិ ជាពិសេសនិស្សិតចិន បានដាក់ចេញជាបន្តបន្ទាប់ ។ លើកនេះភាគីអាមេរិកលុបចោលទិដ្ឋការ របស់និស្សិតបន្តការសិក្សា នៃប្រទេសចិនដោយគ្មានហេតុផល បូករួមទាំងទិដ្ឋការរបស់និស្សិត “ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលចិន ឬរៀនសូត្រក្នុងវិស័យសំខាន់ៗ” គឺជាទង្វើកាន់តែហួសហេតុ ដែលយកមនោគមវិជ្ជា និងសន្តិសុខជាតិ ធ្វើជាលេសនិងជំរុញការផ្តាច់ទំនាក់ទំនង ខាងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិននិងអាមេរិក ។
មិនត្រឹមតែសំដៅ ចំពោះប្រទេសចិនប៉ុណ្ណោះទេ សកម្មភាព “បិទខ្ទប់លើវិស័យអប់រំ”របស់អាមេរិកលើកនេះបានតម្រង់មកលើពិភពលោកទាំងមូល។ តាមដំណឹងថ្មីបំផុត ឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្អាកសំណើថ្មីដែលសុំទិដ្ឋការ របស់និស្សិតបរទេសនិង បញ្ញវន្តបំពេញទស្សនកិច្ច ទាំងអស់ហើយ ។ តាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេស និស្សិតរបស់ប្រទេសនានា បាននាំគ្នាតវ៉ាចំពោះរដ្ឋាភិបាល អាមេរិកដែលបំផ្លាញ ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ សកលវិទ្យាល័យដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដូចជា សកលវិទ្យាល័យ Harvard វិទ្យាស្ថាន MIT និងសកលវិទ្យាល័យរដ្ឋ California ជាដើមបាន ដាក់ពាក្យបណ្តឹង ប្ដឹងរដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ ដោយឡែកសហគ្រាស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ជាដើមក៏បានព្រមានថា ការរឹតបន្ដឹងទៅលើទិដ្ឋការ នឹងកាត់បន្ថយសមត្ថភាព ច្នៃប្រឌិតថ្មីរបស់សហរដ្ឋអាមេរិក ។ល។
អ្វីដែលកាន់តែសំខាន់គឺ ការអប់រំជាសសរទ្រទ្រង់ដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងអតិរេកពាណិជ្ជកម្ម សេវាកម្មរបស់អាមេរិក ។ ប្រព័ន្ធសារព័ត៌មានអូស្ត្រាលី បានលើកឡើងថា ខណៈដែលសហរដ្ឋអាមេរិក មិនអាចទាក់ទាញ ធនធានមនុស្សដែលឈ្លាសវៃបំផុត និងឆ្នើមបំផុត សូម្បីតែធនធានមនុស្ស របស់អាមេរិកក៏រត់ចេញទៅកាន់កន្លែងដែលកាន់តែមានឱកាស ទទួលបានជំនួយនិងគ្មានហានិភ័យត្រូវបណ្តេញដែរ នោះសមត្ថភាពផលិតកម្ម របស់អាមេរិកនឹងរងការបំផ្លាញ កាន់តែខ្លាំងឡើងៗ ។
ប្រវត្តិសាស្ត្របានបញ្ជាក់ថា ប្រទេសខ្លាំងក្លាពិតប្រាកដ គឺមិនមែនបង្កើតឡើងដោយសារការបិទខ្ទប់និងរើសអើងបរទេសនោះទេ ។ ការរារាំងនិស្សិតអន្តរជាតិ ដែលបូករួមទាំងនិស្សិតចិនផងដែរនោះ គឺជាទង្វើរបស់អាមេរិកដែលកំពុងតែបំផ្លាញផលប្រយោជន៍ខ្លួន ។ ពេលធនធានមនុស្ស ទូទាំងពិភពលោកលែងចោលក្រសែភ្នែកទៅកាន់សហរដ្ឋអាមេរិក អ្វីដែលហៅថា “នាំឱ្យសហរដ្ឋអាមេរិក មានភាពមហិមាឡើងវិញ”វាមានតែនឹង “ដាក់ឱ្យសហរដ្ឋអាមេរិកនៅឯកោ” តែប៉ុណ្ណោះ៕
