វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសើរដល់ក្រុមហ៊ុន Nippon Steel Corp. លើអ្វីដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន United States Steel Corp. ដោយផ្តល់ការគាំទ្រដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគចំនួន១៤ ពាន់លានដុល្លារ ទៅលើក្រុមហ៊ុនផលិតដ៏ល្បីមួយនេះ។
ក្នុងអំឡុងពេលសុន្ទរកថានៅឯរោងចក្រដែកថែបរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានហៅក្រុមហ៊ុន Nippon Steel ថាជា “ដៃគូដ៏អស្ចារ្យ” ហើយបានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកទាំងពីរនឹងបង្កើត “ទំនាក់ទំនងដ៏អស្ចារ្យ” ដោយមិនផ្តល់ព័ត៌មានលម្អិតជាច្រើនអំពីកិច្ចព្រមព្រៀង ដែលលោកមិនដែលបានពិពណ៌នាថាជាការទិញ ដែលក្រុមហ៊ុនជប៉ុនចង់បាននោះទេ។
លោក ត្រាំ ដែលបានប្រឆាំងនឹងការដេញថ្លៃទិញយកក្រុមហ៊ុន US Steel ១៤.១ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nippon Steel ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ បានឲ្យដឹងថា “សំខាន់បំផុត ដែកថែបរបស់សហរដ្ឋអាមេរិក នឹងបន្តត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក បើមិនដូច្នោះទេ ខ្ញុំនឹងមិនបានធ្វើកិច្ចព្រមព្រៀងនោះទេ”។
បន្ទាប់ពីត្រឡប់មកពីរដ្ឋ Pennsylvania លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯមូលដ្ឋានរួម Andrews នៅជិតទីក្រុងវ៉ាស៊ីនតោន ថាលោកនៅតែត្រូវអនុម័ត “កិច្ចព្រមព្រៀងចុងក្រោយ” រវាងក្រុមហ៊ុនផលិតដែកទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា
