យូអិន៖ បេសកជនចិន បានព្រមានថា សព្វាវុធកាន់តែច្រើននៅលើសមរភូមិ នឹងមានតែការអូសបន្លាយតែជម្លោះរុស្ស៊ី-អ៊ុយក្រែនតែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាមួយនឹងការចរចាដោយផ្ទាល់នៅពេលនេះកំពុង ដំណើរការរវាងរុស្ស៊ី និងអ៊ុយក្រែន មានការកើនឡើងនៃសព្វាវុធនៅលើសមរភូមិ ជាមួយនឹងកម្លាំងដ៍សាហាវ និងកម្លាំងបំផ្លិចបំផ្លាញ កាន់តែខ្លាំង។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍ រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា នេះនឹងធ្វើឱ្យការប្រឈមមុខកាន់តែខ្លាំង និងអូសបន្លាយពេលការប្រយុទ្ធគ្នា។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “វាមិនអំណោយផល ដល់ការសម្រេចបាននូវបទឈប់បាញ់ និងបញ្ចប់សង្រ្គាម ហើយដំណើរការផ្ទុយ ទៅនឹងការរំពឹងទុករួម របស់សហគមន៍អន្តរជាតិ” ។ “យើងជំរុញឱ្យគ្រប់ភាគីទាំងអស់បង្កើត បរិយាកាសអំណោយផលដល់ការចរចាសន្តិភាព ដោយបង្កើតលក្ខខណ្ឌ និងផ្តល់ការគាំទ្រ។ យើងក៏អំពាវនាវឱ្យភាគីជម្លោះធ្វើការរួមគ្នាឆ្ពោះទៅរកការបន្ធូរបន្ថយ និងដំណោះស្រាយនយោបាយ ជាជាងបន្តការប្រឈមមុខដាក់គ្នា និងការវាយប្រហារដោយយោធា”។
លោកបានច្រានចោលការប្រមាថ របស់តំណាងអាមេរិក ចំពោះចិនលើជម្លោះរុស្ស៊ីនិងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Geng បានលើកឡើងថា “ឥឡូវនេះ តំណាងសហរដ្ឋអាមេរិក ជាថ្មីម្តងទៀត បានផ្សព្វផ្សាយព័ត៌មានមិនពិត និងជេរប្រមាថដល់ប្រទេសចិន។ នេះជាការមិនអាចទទួលយកបានទាំងស្រុង” ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនគឺមិនផ្អែកលើអង្គហេតុទេ ហើយក៏មិនមានដំណោះស្រាយអ្វីទាំងអស់។ ផ្ទុយទៅវិញ វាផ្អែកលើរបៀបវារៈនយោបាយរបស់ខ្លួន។ លោកបន្តថា វាជាឧបាយកលនយោបាយ៕
ប្រែសម្រួល ឈូក បូរ៉ា
