ព័ត៌មានអន្តរជាតិ

ការដំឡើងពន្ធដែកថែបរបស់លោក ត្រាំ មិនត្រូវបានលើកឡើងក្នុងកិច្ចចរចារវាងជប៉ុន និងអាមេរិក នោះទេ

kyodo

តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ប្រទេសជប៉ុនបានឲ្យដឹងថា សមភាគីអាមេរិករបស់លោក មិនបានភ្ជាប់ទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការតម្លើងពន្ធទ្វេដងលើដែកនិងអាលុយមីញ៉ូមដល់ ៥០ ភាគរយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុននោះទេ។

ការប្រកាសរបស់លោក ត្រាំ បានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃសុក្រសប្ដាហ៍មុន ដែលជាថ្ងៃតែមួយដែលលោក Ryosei Akazawa រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច បានជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីផ្សេងទៀត សម្រាប់ការចរចារតម្លៃពន្ធទ្វេភាគីជុំទី៤។

បន្ទាប់ពីត្រឡប់ទៅទីក្រុងតូក្យូវិញ លោក Akazawa ដែលជាជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន Haneda ថា រដ្ឋាភិបាលជប៉ុននឹង “ឃ្លាំមើលយ៉ាងដិតដល់នូវព័ត៌មានលម្អិតជាក់លាក់នៃវិធានការដែលនឹងត្រូវបានបង្ហាញនៅពេលអនាគត” ដោយសហរដ្ឋអាមេរិក។

ក្រោយមកកាលពីថ្ងៃអាទិត្យ លោក Akazawa បានជួបជាមួយលោក Ishiba នៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ដើម្បីរាយការណ៍ពីលទ្ធផលនៃកិច្ចចរចាចុងក្រោយនេះ។ លោកបានឲ្យដឹងថា លោកត្រូវបានណែនាំឱ្យ “បន្តការចរចាឱ្យអស់ពីសមត្ថភាពរបស់អ្នកហើយជាមួយនឹងអាទិភាពខ្ពស់បំផុតនៃការឈានដល់កិច្ចព្រមព្រៀងមួយ” ។

គួរបញ្ជាក់ថា លោក ត្រាំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានលើកឡើងពីសន្តិសុខជាតិនៅពីក្រោយការសម្រេចចិត្តរបស់លោកក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពី ២៥ ភាគរយនាពេលបច្ចុប្បន្ន ហើយបានបញ្ជាក់ថាអត្រាថ្មីដែលត្រូវបានគិតថ្លៃចំពោះប្រទេសភាគច្រើននឹងចូលជាធរមាននៅថ្ងៃពុធ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top