ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នៅតែដើរតួនាទីសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសាកល ក្នុងបរិបទគោលនយោបាយ ពន្ធគយ របស់អាមេរិក

បន្ទាប់ពីឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយថ្មី ស្របតាមទិសដៅបញ្រ្ចាស់ នៃលំនាំពាណិជ្ជកម្ម អន្តរជាតិ របស់សាកលលោក និង អង្គការពាណិជ្ជកម្ម ពិភពលោកផងដែរ ។ ការប្រកាសដំឡើងពន្ធ នាំចូលលើទំនិញគ្រប់មុខ ដែលបាននាំចូលពី បណ្តាប្រទេសនានា លើសាកលលោកតាមអត្រាផ្សេងៗគ្នា ។ គោលនយោបាយដាក់របាំងពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងធ្វើឱ្យមានផលប៉ះពាល់ ដល់ប្រយោជន៍សេដ្ឋកិច្ចសាកល និង មានផលប៉ះពាល់ផលប្រយោជន៍ របស់ប្រជាជនសាកលលោក ។

ការដាក់របាំងពន្ធ របស់សហរដ្ឋអាមេរិក បានធ្វើឱ្យសេដ្ឋកិច្ចសកលលោក មានការធ្លាក់ចុះនៃល្បឿនកំណើន ឬអាចឈានដល់ភាពអវិជ្ជាន នៃកំណើន សេដ្ឋកិច្ច តាមរយៈការកើនឡើងថ្លៃ នៃអ្នកប្រើប្រាស់របស់ប្រជាជនអាម៉េរិក ដោយខ្លួនឯងផ្ទាល់ក្នុងរយៈពេលខ្លី។ ការឡើងថ្លៃទំនិញ គ្រប់មុខទាំងអស់ មិនអាច ធ្វើឱ្យសហរដ្ឋអាម៉េរិកងាកមក ផលិតទំនិញទាំងនោះជំនួសឱ្យការនាំចូលបានទេ ដោយការៀបចំសហគ្រាស ផលិតត្រូវការចំណាយ ពេលវេលាច្រើនផង កម្លាំងពលកម្មនៅសហរដ្ឋអាម៉េរិកមានថ្លៃខ្ពស់ផង និង ជំនាញរបស់កម្លាំង ពលកម្មនៅសហរដ្ឋអាម៉េរិក ក៏មិនសមស្របនឹង ផលិតកម្មដែលអាម៉េរិក នាំចូលផងដែរ។ ក្រៅពីនេះ គោលនយោបាយពន្ធគយរបស់អាម៉េរិកនេះ បានរារាំងដល់ការប្រើប្រាស់ផង និង ដល់ប្រាក់សន្សំរបស់ប្រជាជនរបស់ខ្លួនថែមទៀត ដែលជាលទ្ធផល វាបានធ្វើឱ្យទ្រព្យសម្បត្តិអាម៉េរិក មានការធ្លាក់ចុះ។

លើសពីនេះទៀត ការដាក់របាំងពន្ធនេះ បានជះឥទ្ធិពលជាអវិជ្ជមាន មកលើផលិតកម្មរបស់សាកលលោក ដែលគេហៅថា Negative supply shock។ ការខូចខាតនូវខ្សែច្រវ៉ាក់ផលិតកម្មនេះ បានរួមចំណែកដោយផ្ទាល់ដល់ វិបត្តិសេដ្ឋកិច្ចសាកល និង ទាញឱ្យសេដ្ឋកិច្ចសាកលលោកធ្លាក់ចុះដុនដាប។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល នឹង មានបច្ច័យជាអវិជ្ជមានបន្ថែមទៀត ដល់ប្រាក់ចំណូលបុគ្គល របស់មនុស្សគ្រប់រូបនៅលើសាកលលោក ដែលអាចនឹងធ្វើឱ្យពួកគេកាត់បន្ថយ ការចំណាយប្រចាំថ្ងៃ និង ការប្រើប្រាស់ជាសាកល។ បន្ថែមលើនេះទៀត ការកាត់បន្ថយចំណាយប្រចាំថ្ងៃ របស់ប្រជាជនសាកល បានធ្វើឱ្យរារាំងដល់គំនិតនវានុវត្តន៍ និង ការរីកលូតលាស់នៃបច្ចេកវិទ្យាផង ដែរ។

កំហូចទ្រង់ទ្រាយ នៃខ្សែច្រវ៉ាក់ផលិតកម្ម និង ខ្សែច្រវ៉ាក់តម្លៃជាសាកល បានធ្វើឱ្យខូចនូវរចនាសម្ព័ន្ធពាណិជ្ជកម្មអន្តរជាតិ បាត់បង់នូវសណ្តាប់ធ្នាប់ ពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការមិនគោរពនូវគោលការណ៍និងលក្ខខណ្ឌគតិយុត្តនានានៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានចុះហត្ថលេខាដោយ ១២៣ប្រទេស នៅឆ្នាំ១៩៩៥ និង បានបន្ថែមសមាជិកបន្តទៀត។ លើសពីនេះទៀត គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិកនេះ បានធ្វើឱ្យធ្លាក់ចុះ នូវការវិនិយោគ តាមរយៈភាពមិនប្រាកដច្បាស់ នៃសេដ្ឋកិច្ចសាកល បានធ្វើឱ្យបាត់បង់ឱកាសក្នុងការប្រើប្រាស់ ធនធានសម្រាប់កំណើន ជាពិសេសគឺដើមទុន និង កម្លាំងពលកម្ម ។

ផ្ទុយពីគោលនយោបាយរបស់អាម៉េរិក ជាងដល់ឆ្នាំកន្លងទៅនេះ ប្រទេសចិន ប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញ ឱ្យការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ទទួលបានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេច បានគោលដៅ ដែលផ្តល់ផល ប្រយោជន៍រួម ។ ការតភ្ជាប់រវាងប្រទេសចិន និងប្រទេសពាក់ព័ន្ធសរុប១៤៩ប្រទេស មានភាពកាន់តែស្អិតល្មួត ជាពិសេសក្រោមជំនួយ របស់ចិន ហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសមានការអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលធ្វើឱ្យការតភ្ជាប់ ខាងហេដ្ឋារចនាសម្ព័ន្ធមាន ភាពកាន់តែរលូន ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនានាតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺការនាំចូល របស់ប្រទេសចិនពីប្រទេស«ខ្សែក្រវាត់និងផ្លូវ»បានកើនពីទំហំ ០,៣៧ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ដល់ទំហំ ៣,១ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ ដែលមានកំណើន រហូតដល់ទៅ ៦,៤% ធៀបនឹងឆ្នាំ២០២៣ ។ បើមើលពីផ្នែកវិនិយោគ ទៅវិញទៅមក គិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៤ ការវិនិយោគទៅវិញទៅមក រវាងប្រទេសចិន និងប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» មានទំហំសរុប ១,១៧៥ ទ្រីលានដុល្លារអាមេរិក ក្នុងនោះសហគ្រាសចិន បានផ្តល់ឱកាសការងារ ក្នុងប្រទេសពាក់ព័ន្ធយ៉ាង ច្រើនសន្ធឹកសន្ទាប់ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ។

ក្នុងន័យនេះ យើងមើលឃើញ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺជាមធ្យោបាយដ៏ល្អមួយ សម្រាប់ពិភពលោក ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការតភ្ជាប់គ្នា នៃប្រទេសទាំងអស់ លើសាកលលោក ជំរុញកំណើនសេដ្ឋកិច្ច តាមទ្រឹស្តីពហុភាគីនិយម និង សមាហរណកម្មតំបន់និងសាកលភាវូបនីយកម្ម ដែលអាចផ្តល់តម្លៃបន្ថែមសេដ្ឋកិច្ចខ្ពស់ ពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម និង ខ្សែច្រវ៉ាក់តម្លៃសាកល កាន់តែខ្ពស់ និង នាំដល់ភាពរីកចម្រើន របស់សាកលលោក។ ក្នុងបរិបទនៃរបាំងពន្ធគយ របស់អាមេរិកនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានជំរុញ ការធ្វើពិពិធកម្មពាណិជ្ជកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ លើបណ្តាប្រទេសនានាទូទាំងសាកលលោក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ផលិតកម្ម ព្រមទាំងបង្កើនជំនឿចិត្តសេដ្ឋកិច្ចពិភពលោក និង កាត់បន្ថយការថយចុះនៃសេដ្ឋកិច្ចពិភពលោក កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃរបាំងពន្ធ ថែមទាំងផ្តល់នូវផ្លូវថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការផងដែរ ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top