ព័ត៌មានអន្តរជាតិ

លោក Erdogan គូសបញ្ជាក់អំពីទស្សនៈវិស័យ សម្រាប់កិច្ចពិភាក្សា បញ្ហារុស្សីនិងអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ប្រទេសតួគីបានត្រៀមខ្លួនរួច ជាស្រេចក្នុងការបន្តការ សម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួយបញ្ចប់ជម្លោះ ហើយគ្រោងនឹងស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ដែលប្រមូលផ្តុំមេដឹកនាំ នៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ដែលបានបង្ហោះនៅលើ X លោក Erdogan បានពណ៌នាកិច្ចប្រជុំលើកទីពីរ រវាងគណៈប្រតិភូមកពីទីក្រុងមូស្គូ និងទីក្រុងគៀវ ក្នុងរយៈពេលមួយខែថា អស្ចារ្យណាស់ និងមានផលិតភាពបំផុត ។

លោកបាននិយាយថា៖បំណងប្រាថ្នាដ៏ធំបំផុត របស់ខ្ញុំគឺការប្រមូលផ្តុំគ្នា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង លោកVladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន  ប្រហែលជានៅទីក្រុង អ៊ីស្តង់ប៊ុល ឬទីក្រុងអង់ការ៉ា ហើយក្នុងនោះ ប្រធានាធិបតី អាមេរិក Donald Trump ក៏អាចចូលរួមក្នុងការ ប្រមូលផ្តុំផងដែរ ។

គួរឲ្យដឹងដែរថាក្នុងអំឡុង ពេលកិច្ចប្រជុំកាលពីថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នា លើការផ្លាស់ប្តូរអ្នកទោស ដ៏ធំបំផុតមិនធ្លាប់មាននេះ បើយោងតាមប្រធាន ក្រុមចរចារុស្ស៊ី លោក Vladimir Medinsky ។

លោកបានប្រាប់ អ្នកយកព័ត៌មានថា ការដោះដូរនឹងរួមបញ្ចូលអ្នកទោស ដែលរងរបួសធ្ងន់ធ្ងរ និងឈឺធ្ងន់ ក៏ដូចជាយន្តការ ដាច់ដោយឡែកមួយ ដែលពាក់ព័ន្ធនឹងទាហាន ជាប់ឃុំទាំងអស់ ដែលមានអាយុក្រោម២៥ឆ្នាំផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top