សេអ៊ូល ៖ លោក Lee Jae Myung នៃគណបក្សប្រជាធិបតេយ្យសេរី បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយជាអ្នកស្នងតំណែង ប្រធានាធិបតីលោក Yoon Suk Yeol ដែលបានធ្វើឲ្យ ប្រទេសជាតិ មានការបែកបាក់គ្នាដោយការ ដាក់ច្បាប់អាជ្ញាសឹក។
លោក Lee ដែលបានចាញ់លោក Yoon ក្នុងការបោះឆ្នោតឆ្នាំ២០២២ នឹងកាន់តំណែងសម្រាប់អាណត្តិ ៥ឆ្នាំ។ លោកបានប្រាប់អ្នកគាំទ្រនៅជិតវិមានរដ្ឋសភាថា “ខ្ញុំនឹងបំពេញវាដោយការប្ដេជ្ញាចិត្ត ដោយមិនងាករេ”។
លោក Lee អាយុ ៦០ឆ្នាំបានឲ្យដឹងថា “សូម្បីតែពេល នយោបាយបែកបាក់ និងអ្នកនយោបាយឈ្លោះគ្នា ក៏ប្រជាជនមិន ត្រូវបែកគ្នាដែរ” លោកបន្ថែមថា “ក្នុងនាមជាប្រធានាធិបតី កាតព្វកិច្ចរបស់ខ្ញុំគឺរួបរួម មិនមែនគ្រប់គ្រងទេ។ ខ្ញុំនឹងក្លាយជាប្រធានាធិបតី មិនមែនអំណាចទេ ប៉ុន្តែជាការរួបរួម” ។
តំណែងប្រធានាធិបតីនៅទំនេរចាប់តាំងពីថ្ងៃទី៤ ខែមេសា នៅពេលដែលលោក Yoon ត្រូវបានដកចេញពីតំណែង បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ដែលបានតម្កល់ការចោទប្រកាន់ របស់សភាជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករបស់លោក កាលពីក្នុងខែធ្នូ។
លោក Lee បានសន្យាថា នឹងកែសម្រួលច្បាប់ ស្តីពីច្បាប់អាជ្ញាសឹក ដើម្បីរឹតបន្តឹងតម្រូវការ សម្រាប់ការប្រកាស ប្រធានាធិបតី ។ លោកក៏មានបំណងធ្វើឲ្យអាជីវកម្មខ្នាតតូច និងមធ្យមរស់ឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ៕
ប្រែសម្រួល ឈូក បូរ៉ា
