បរទេស៖ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយនិយាយថា ការរឹតបន្តឹងដែល “បង្កគ្រោះថ្នាក់” និង “ការបង្ខិតបង្ខំ” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាវិធីត្រឹមត្រូវក្នុងការទាក់ទង ជាមួយទីក្រុងប៉េកាំងនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុនបានអះអាងថា ទីក្រុងប៉េកាំងបាន “បំពានទាំងស្រុង” កិច្ចព្រមព្រៀងថ្ងៃទី ១២ ខែឧសភាដែលសម្រេចបាននៅទីក្រុងហ្សឺណែវ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ មានការឯកភាពគ្នាបានផ្អាកពន្ធគយថ្មីភាគច្រើន ដែលដាក់តាំងពីដើមខែមេសា ហើយមានគោលបំណងរក្សាស្ថិរភាពទំនាក់ទំនង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានច្រានចោលការចោទប្រកាន់នេះ ដោយប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃអង្គារថា ប្រទេសចិនបាននឹងកំពុង “អនុវត្តការឯកភាពគ្នាប្រកបដោយការទទួលខុសត្រូវ និងដោយស្មោះត្រង់” ទោះបីជាមានការអះអាង “មិនពិត” របស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។
លោកបាននិយាយថា ទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងខ្លាំង នូវអ្វីដែលលោកបានពិពណ៌នាថាជា “វិធានការធ្ងន់ធ្ងរ” រួមទាំងការត្រួតពិនិត្យការនាំចេញបន្ទះឈីបចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ការរារាំងលើការលក់ស្វ័យប្រវត្តិកម្មការរចនាអេឡិចត្រូនិច (EDA) និងការសន្យាដកហូតទិដ្ឋាការរបស់និស្សិតចិន។
អ្នកនាំពាក្យរូបនេះបាននិយាយថា “សូមឱ្យយើងសង្កត់ធ្ងន់ម្តងទៀតថា ការគាបសង្កត់ និងការបង្ខិតបង្ខំ មិនមែនជាវិធីត្រឹមត្រូវក្នុងការចូលរួមជាមួយប្រទេសចិន” ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
កាលពីសប្តាហ៍មុន សារព័ត៌មានជាច្រើនបានរាយការណ៍ថា រដ្ឋបាលរបស់លោក Trump បានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកបញ្ឈប់ការដឹកជញ្ជូនទំនិញទំនើប ទៅកាន់ប្រទេសចិន រួមទាំងកម្មវិធីរចនាបន្ទះឈីប និងសារធាតុគីមីពិសេស។ អ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះទំនងជាធ្វើឲ្យមានភាពតានតឹង ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
