តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba កាលពីថ្ងៃពុធបានសម្តែងក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីលោក Lee Jae Myung ដោយថាលោកចង់រៀបចំកិច្ចពិភាក្សាកំពូលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងគួរតែធ្វើការជា “ដៃគូ” ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ហើយកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសម្ព័ន្ធមិត្តរួមរបស់ពួកគេ គឺសហរដ្ឋអាមេរិក ក៏ចាំបាច់ផងដែរ នៅពេលមានការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយកូរ៉េខាងជើង។
ទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងមានភាពប្រសើរឡើងក្រោមការដឹកនាំរបស់លោក Yoon Suk Yeol បន្ទាប់ពីរយៈពេលនៃការលំបាកដែលកើតចេញពីបញ្ហាទាក់ទងនឹងប្រវត្តិសាស្ត្រសម័យសង្រ្គាម។ មេដឹកនាំនៃប្រទេសទាំងពីរបានបន្តការអនុវត្តនៃដំណើរទស្សនកិច្ចទៅវិញទៅមកនៅឆ្នាំ២០២៣ ដែលជាសញ្ញានៃទំនាក់ទំនងចាប់ផ្ដើមប្រេះស្រាំ។
គួរបញ្ជាក់ថា លោក Lee Jae Myung នៃគណបក្សប្រជាធិបតេយ្យសេរី បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយជាអ្នកស្នងតំណែងប្រធានាធិបតីលោក Yoon Suk Yeol ដែលបានធ្វើឲ្យប្រទេសជាតិ មានការបែកបាក់គ្នាដោយការដាក់ច្បាប់អាជ្ញាសឹក។
លោក Lee ដែលបានចាញ់លោក Yoon ក្នុងការបោះឆ្នោតឆ្នាំ២០២២ នឹងកាន់តំណែងសម្រាប់អាណត្តិ ៥ឆ្នាំ។ លោកបានប្រាប់អ្នកគាំទ្រនៅជិតវិមានរដ្ឋសភាថា “ខ្ញុំនឹងបំពេញវាដោយការប្ដេជ្ញាចិត្តដោយមិនងាករេ”។
លោក Lee អាយុ ៦០ឆ្នាំបានឲ្យដឹងថា “សូម្បីតែពេលនយោបាយបែកបាក់ និងអ្នកនយោបាយឈ្លោះគ្នា ក៏ប្រជាជនមិនត្រូវបែកគ្នាដែរ” លោកបន្ថែមថា “ក្នុងនាមជាប្រធានាធិបតី កាតព្វកិច្ចរបស់ខ្ញុំគឺរួបរួម មិនមែនគ្រប់គ្រងទេ។ ខ្ញុំនឹងក្លាយជាប្រធានាធិបតី មិនមែនអំណាចទេ ប៉ុន្តែជាការរួបរួម” ។
តំណែងប្រធានាធិបតីនៅទំនេរចាប់តាំងពីថ្ងៃទី៤ ខែមេសា នៅពេលដែលលោក Yoon ត្រូវបានដកចេញពីតំណែង បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានតម្កល់ការចោទប្រកាន់របស់សភាជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក កាលពីក្នុងខែធ្នូ។
លោក Lee បានសន្យាថា នឹងកែសម្រួលច្បាប់ស្តីពីច្បាប់អាជ្ញាសឹក ដើម្បីរឹតបន្តឹងតម្រូវការសម្រាប់ការប្រកាសប្រធានាធិបតី។ លោកក៏មានបំណងធ្វើឲ្យអាជីវកម្មខ្នាតតូច និងមធ្យមរស់ឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ៕
ប្រែសម្រួល ឈូក បូរ៉ា
