ព័ត៌មានអន្តរជាតិ

ចិន រិះគន់ការវេតូ របស់អាមេរិក លើសេចក្តីព្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជុំវិញតំបន់ហ្គាហ្សា

xinhua

យូអិន ៖ បេសកជនចិន នៅថ្ងៃពុធបានរិះគន់ សហរដ្ឋអាមេរិក ចំពោះការវេតូរបស់ខ្លួនលើសេចក្តីព្រាង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា និងការដកការរឹតបន្តឹងលើជំនួយមនុស្សធម៌ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសចិន មានការខកចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃពុធ ។ លោកបានបន្ថែមថា សេចក្តីព្រាងដំណោះស្រាយឆ្លុះបញ្ចាំង ពីការទាមទារដ៏តឹងតែងបំផុត របស់ប្រជាជន នៅតំបន់ហ្គាហ្សា និងសំឡេងដ៏លើសលប់របស់សហគមន៍អន្តរជាតិ។

លោកបានលើកឡើងថា “សហរដ្ឋអាមេរិក បានរំលោភបំពានអំណាចវេតូរបស់ខ្លួនម្តងទៀត ដោយបានពន្លត់ពន្លឺនៃក្តីសង្ឃឹម សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា និងបន្តធ្វើឱ្យមនុស្សជាង ២ លាននាក់នៅក្នុងភាពងងឹត ។ វាត្រូវតែប្រឈមមុខនឹងការចោទសួរពីសហគមន៍អន្តរជាតិ” ។

ក្នុងនាមជាស្ថាប័នចម្បង សម្រាប់ការថែរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខ បាននិងកំពុងខិតខំ ដើម្បីសម្រេចបានបទឈប់បាញ់ នៅហ្គាហ្សា ហើយបានឈានដល់ការឯកភាព ដ៏លើសលប់ជាយូរមកហើយ។ លោក Fu បានឲ្យដឹងនៅក្នុងការពន្យល់អំពីការបោះឆ្នោតមួយថា លទ្ធផលបោះឆ្នោត កាលពីថ្ងៃពុធជាថ្មីម្តងទៀតបង្ហាញថា មូលហេតុឫសគល់នៃអសមត្ថភាពរបស់ក្រុមប្រឹក្សាក្នុងការលុបបំបាត់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា គឺជាការរារាំងម្តងហើយម្តងទៀត ដោយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានវេតូសំណើរបស់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់នៅហ្គាហ្សាជាច្រើនដង។ ហើយដោយសារការការពារ អ៊ីស្រាអែល ដំណោះស្រាយជាច្រើនត្រូវបានអនុម័តដោយក្រុមប្រឹក្សា ស្តីពីតំបន់ហ្កាហ្សានៅមិនទាន់ត្រូវបានគេអនុវត្ត ប្រកបដោយប្រសិទ្ធភាពនៅឡើយ។ លោកបានបន្ដថា សហរដ្ឋអាមេរិកអះអាងថា ចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខនៅពេលនេះ នឹងរំខានដល់កិច្ចខិតខំប្រឹងប្រែងការទូត គឺមិនអាច ទទួលយកបានទាំងស្រុង។ “ដរាបណាកិច្ចខិតខំប្រឹងប្រែងការទូតមានគោលបំណងពិតប្រាកដសម្រាប់សន្តិភាព សកម្មភាពរបស់ក្រុមប្រឹក្សា នឹងផ្តល់ការគាំទ្រខ្លាំងតែប៉ុណ្ណោះ”។

សហគមន៍អន្តរជាតិ នឹងមិនបញ្ឈប់កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការស្វែងរកយុត្តិធម៌ និងយុត្តិធម៌ រក្សានីតិរដ្ឋអន្តរជាតិ និងការពារសិទ្ធិអំណាច របស់ក្រុមប្រឹក្សាសន្តិសុខ។ លោកបានបន្ថែមថា វេតូដោយសមាជិកអចិន្ត្រៃយ៍ តែមួយមិនអាចបញ្ឈប់ការដើរឆ្ពោះទៅរកសន្តិភាពបានទេ។ “យើងជំរុញឱ្យសហរដ្ឋអាមេរិក ប្រឈមមុខនឹងទំនួលខុសត្រូវ របស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ បោះបង់ចោលការ គណនានយោបាយរបស់ខ្លួន ហើយប្រកាន់យកអាកប្បកិរិយាត្រឹមត្រូវ និងការទទួលខុសត្រូវក្នុងការគាំទ្រក្រុមប្រឹក្សា ឱ្យចាត់វិធានការចាំបាច់ទាំងអស់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top