ព័ត៌មានអន្តរជាតិ

អឺរ៉ុប ព្រមានថា ការដំឡើងពន្ធរបស់អាមេរិក លើដែកថែប អាលុយមីញ៉ូម គំរាមកំហែងដល់កិច្ចចរចាពាណិជ្ជកម្ម

xinhua

ប្រ៊ុចសែល៖ ប្រធានពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការតម្លើងពន្ធលើដែក និងអាលុយមីញ៉ូម “ច្បាស់ណាស់មិនជួយដល់ការចរចា ដែលកំពុងបន្ត” និងហានិភ័យធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនាពេលថ្មីៗនេះ។ ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី OECD ឆ្នាំ២០២៥ ដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ។

ប្រធានពាណិជ្ជកម្មអឺរ៉ុបរូបនេះ បានបន្ថែមថា អឺរ៉ុប ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារផលប្រយោជន៍របស់ខ្លួន ហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគីឡើងវិញ ប្រសិនបើការចរចារដួលរលំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Sefcovic បានលើកឡើងថា ក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer លោកបានប្រាប់លោកថា សហភាពអឺរ៉ុបមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមពី ២៥ ភាគរយទៅ ៥០ ភាគរយ ដែលមានប្រសិទ្ធភាពកាលពីថ្ងៃពុធ។ លោកបានបន្ដថា “ខ្ញុំបានពន្យល់លោកថា វាច្បាស់ជាមិនបានជួយដល់ការចរចា ដែលកំពុងបន្តនោះទេ ជាពិសេសខណៈពេលដែលយើងកំពុងតែមានការរីកចម្រើន”។

លោកបានកត់សម្គាល់ថា ពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិកមានប្រហែល ៣០ ភាគរយនៃពាណិជ្ជកម្មសកលលោក ហើយបានព្រមានថា ប្រសិនបើទំនាក់ទំនងមិនដំណើរការបានត្រឹមត្រូវ នោះផលប៉ះពាល់របស់វានឹងកើនឡើងលើសពីភាគីទាំងពីរ និងទូទាំងប្រព័ន្ធពាណិជ្ជកម្មសកល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top