ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ច​ របស់ប្រទេសចិន នៅតែបន្តមានភាពរស់រវើក និងមានភាពធន់ ទោះក្នុងបរិបទ នៃការកើនឡើងសម្ពាធយ៉ាងខ្លាំង ពីមជ្ឈដ្ឋានខាងក្រៅ

ខណៈភាពតានតឹង ភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម និងការកើនឡើង គោលនយោបាយគាំពារនិយម កំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសកល ប្រទេសចិនក្នុង នាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់ទី២ នៅតែអាចរក្សាបាននូវសន្ទុះ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។
សូចនាករសេដ្ឋកិច្ច ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញថា ការប្រើប្រាស់ និងការវិនិយោគ នៅប្រទេសចិនក្នុងខែមេសា បានកើនឡើងជាលំដាប់ ស្របពេលការនាំចេញរបស់ចិននៅតែមានកំណើន គួរឱ្យកត់សម្គាល់។ ការណ៍នេះបានឆ្លុះបញ្ចាំង ឱ្យឃើញពីភាពរស់រវើក និងភាពធន់នៃសេដ្ឋកិច្ចចិន ទោះក្នុងបរិបទ នៃការកើនឡើងសម្ពាធយ៉ាងខ្លាំង ពីមជ្ឈដ្ឋានខាងក្រៅ ។

លទ្ធផលនេះ ពុំមែនជាអ្វី ដែលកើតឡើងដោយចៃដន្យទេ ។ វាគឺជាផ្លែផ្កាដែលបានមកពីកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ ក្នុងការដាក់ចេញ និងអនុវត្តយ៉ាងស្វិតស្វាញ នូវយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ និងបុរេសកកម្ម ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ តាមរយៈការលើកកម្ពស់នវានុវត្តន៍ បច្ចេកវិទ្យា និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រដ្ឋាភិបាលចិនបាន និងកំពុងខិតខំប្រឹងប្រែង ឥតឈប់ឈរ ក្នុងការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី និងការពឹងផ្អែកលើខ្លួនឯង ផ្នែកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមអភិវឌ្ឍន៍នានា។ ជាមួយនឹងការដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ប្រទេសចិន បានសម្រេច នូវវឌ្ឍនភាពជាច្រើន ជាពិសេសក្នុងវិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលរាប់ចាប់ពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឆ្លាតវៃ រថភ្លើងល្បឿនលឿន យន្តហោះពាណិជ្ជកម្ម ឧស្សាហកម្មមនុស្សយន្ត រហូតដល់យានយន្តដើរដោយថាមពលបង្កើតថ្មី និងថាមពលបៃតង។
បន្ទាប់ពីការលេចចេញ នូវវត្តមានរបស់ក្រុមហ៊ុន AI ចិន “Deepseek” ដែលបានបង្កការភ្ញាក់ផ្អើល ដល់សហគមន៍អន្តរជាតិ ម្តងរួចមកហើយ នាពេលថ្មីៗនេះ ក្រុមហ៊ុនចិន Huawei បានអង្រួនចិត្តអ្នកតាមដាន បច្ចេកវិទ្យាសាជាថ្មីម្តងទៀត ជាមួយនឹងការដាក់សម្ពោធ ជាផ្លូវការនូវកុំព្យូទ័រយួរដៃ ដើរដោយប្រព័ន្ធ HarmonyOS ដំបូងគេបង្អស់ ស្របពេលដែលក្រុមហ៊ុនចិន Xiaomi បានប្រកាសពីគម្រោងផលិតបន្ទះឈីបទូរស័ព្ទចល័តកម្រិតខ្ពស់ XringO1 ដោយខ្លួនឯង ។

ទឡ្ហីករណ៍ទាំងនេះ មិនមែនជាភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដាច់ដោយឡែករបស់ក្រុមហ៊ុនចិននោះទេ ប៉ុន្តែបានបង្កប់នូវអត្ថន័យ ជាយុទ្ធសាស្ត្រ អំពីអធិបតេយ្យភាព បច្ចេកវិទ្យា របស់ប្រទេសចិន នៅចំពោះមុខនៃការកើនឡើងនូវសម្ពាធពីមជ្ឈដ្ឋានខាងក្រៅ ។ វាក៏បានបញ្ជូនសារដ៏សំខាន់មួយ ទៅកាន់ពិភពលោកថា ប្រទេសចិនបានវិវត្តខ្លួនទៅ ជាអ្នកបង្កើតនវានុវត្តន៍ និងបច្ចេកវិទ្យាបានដោយជោគជ័យ ហើយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងការរំខានពីមជ្ឈដ្ឋានខាងក្រៅ ។

ក្រៅពីវឌ្ឍនភាពក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋាភិបាលចិនក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងទីផ្សារក្នុងស្រុក ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការធ្វើគោលនយោបាយ ប្រកបដោយយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសនូវហានិភ័យនានា ដែលបណ្តាលមកពីភាពមិនប្រាកដប្រជាសកល ខណៈព្យាយាមជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ស្ថិរភាព និងបរិយាបន្ន។
ជាក់ស្តែង នៅឆ្នាំ២០២៤ រដ្ឋាភិបាលចិន បានចាក់បញ្ចូលសាច់ប្រាក់ប្រមាណ ១៤០ ប៊ីលានដុល្លារ ក្នុងចរន្តសេដ្ឋកិច្ច ដើម្បីជំរុញស្ថិរភាពទីផ្សារ និងបង្កើនការប្រើប្រាស់ក្នុងស្រុក ។ ជាមួយគ្នានេះ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី (trade-in program) ដែលជាគោលនយោបាយជំរុញ ការចំណាយ អ្នកប្រើប្រាស់របស់រដ្ឋាភិបាលចិន បានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិចិន ជាង ១២០ លាននាក់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលបាន ជំរុញការ លក់រហូត ដល់ជាង ១០០ ពាន់លានដុល្លារ ។ គោលនយោបាយទាំងនេះ បានក្លាយជាកម្លាំង ចលករដ៏សំខាន់មួយ ក្នុងការបង្កើនស្ថិរភាព ទីផ្សារ និងការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យសេដ្ឋកិច្ចចិន កាន់តែមានភាពធន់ និង រស់រវើកថែមទៀត ។

មិនថា ស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណា ប្រទេសចិន នៅតែបន្តការប្តេជ្ញាចិត្តឥតងាករេ ក្នុងការជំរុញទំនើបភាវូបនីយកម្មរបស់ខ្លួន លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បន្តការធ្វើពិពិធកម្មពាណិជ្ជកម្មក្រៅប្រទេស និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងផលប្រយោជន៍ទៅវិញទៅមក ប្រទេសចិនបានកា្លយជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសជាង ១៤០ ។ ក្នុងខែមេសា ឆ្នាំ២០២៥ ការនាំចេញរបស់ចិន បានកើនឡើង ៨.១% (ប្រមាណ ៣១៥,៧ ពាន់លានដុល្លារ) លើសពីការរំពឹងទុករបស់ទីផ្សារ ទោះបីការនាំចេញទៅកាន់ អាម៉េរិកមានការធ្លាក់ចុះ ២១% ដោយសារការដំឡើងពន្ធបដិការក៏ដោយ ។

ជារួម ទោះបីប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក្តី សេដ្ឋកិច្ចចិននៅតែបន្តមានភាពរស់រវើក និងភាពធន់។ និយាយម្យ៉ាងទៀត សេដ្ឋកិច្ចចិនកាន់ តែមានភាពធន់ នៅពេលជួបសម្ពាធកាន់តែខ្លាំង។ ដូចដែលឯកឧត្តម ស៊ី ជីនពីង ប្រធានរដ្ឋចិន ធ្លាប់បានថ្លែងថា ”សេដ្ឋកិច្ចចិនគឺ ជាមហាសមុទ្រដ៏ធំល្វឹងល្វើយ។ មិនថា រលកបោកបក់ និងព្យុះខ្លាំងប៉ុណ្ណា មហាសមុទ្រមួយនេះនឹងមិនរង្គោះរង្គើឡើយ។ ចិនមានប្រវត្តិសាស្ត្រ ៥ ពាន់ឆ្នាំហើយ ឆ្លងកាត់សង្រ្គាមព្យុះភ្លៀង ក៏មិនតិចដែរ។ ចិននៅតែជាចិន ហើយនៅថ្ងៃមុខ ចិនក៏នៅតែជាចិនដែរ។”
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top