ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស

នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស នៅទីស្តីការរដ្ឋចិន Zhongnanhai ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការអបអរសាទរជាថ្មីម្តងទៀត ចំពោះលោក Lukashenko ដែលបានជាប់ឆ្នោត បន្តអាណត្តិ ជាប្រធានាធិបតី ។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបេឡារុស គឺជាមិត្តពិតនិងជាដៃគូល្អ ។ ប្រទេសចិន តែងតែយកចិត្តទុកដាក់ និងអភិវឌ្ឍទំនាក់ទំនងចិន-បេឡារុស តាមមុំជាយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ហើយមានឆន្ទៈធ្វើការ ជាមួយបេឡារុស ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព និងយូរអង្វែង ។ ភាគីទាំងពីរគួរតែពង្រឹងការ សម្របសម្រួល និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការ សៀងហៃជាដើម រួមគ្នាប្រឆាំងនឹងអនុត្តរភាព និងការសម្លុតគំរាម ដើម្បីគាំពារសច្ចយុត្តិធម៌អន្តរជាតិ ។

ជាការឆ្លើយតប លោក Lukashenko បានថ្លែងថា ប្រទេសបេឡារុសសូមថ្លែងអំណរគុណ ចំពោះការគាំទ្រនិងជំនួយដ៏ពេញទំហឹង របស់ប្រទេសចិន ក្នុងរយៈពេលជាយូរមក បេឡារុសមានទំនុកចិត្តខ្ពស់ ចំពោះប្រទេសចិន ហើយនឹងធ្វើការអភិវឌ្ឍ ទំនាក់ទំនងជាមួយប្រទេសចិន យ៉ាងមុតមាំមិនងាករេ ព្រមនិងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនយ៉ាងសកម្ម ។ ក្នុងកិច្ចការអន្តរជាតិ ប្រទេសចិនបានប្រកាន់ខ្ជាប់គោល ជំហរយ៉ាងមុតមាំ ដើម្បីគាំពារពហុភាគីនិយម ប្រឆាំងឯកតោភាគីនិយម ព្រមទាំងការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ដែលបានធ្វើជាគំរូដ៏ល្អ សម្រាប់ពិភពលោក ៕

To Top