ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ជំរុញឱ្យអ៊ីរ៉ង់ ធ្វើការសម្រេចចិត្ត យ៉ាងឆាប់រហ័ស

Xinhua

ឡូសអេនជឺលេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានពិភាក្សាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមរយៈការហៅទូរស័ព្ទកាលពីថ្ងៃពុធ ហើយបានជំរុញឱ្យអ៊ីរ៉ង់ ធ្វើការសម្រេចចិត្ត “ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ” ឱ្យបានឆាប់រហ័ស។

រំលឹកឡើងវិញនូវការហៅទូរសព្ទរយៈពេល ៧៥ នាទី ជាមួយលោក ពូទីន លោក ដូណាល់ ត្រាំ បានឲ្យដឹង នៅក្នុងការបង្ហោះនៅលើគណនីសង្គម ការរបស់លោកថា មេដឹកនាំទាំងពីរ “បានពិភាក្សាជាមួយអ៊ីរ៉ង់ ហើយការពិតថា ពេលវេលាកំពុងអស់ហើយ សម្រាប់ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ដែលត្រូវតែធ្វើឡើងយ៉ាងឆាប់រហ័ស!”។

តាមរយៈការសរសេរនៅលើបណ្ដាញសង្គមលោក ដូណាល់ ត្រាំ បានឲ្យដឹងថា “ខ្ញុំបាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបាននោះទេ ហើយចំពោះរឿងនេះ ខ្ញុំជឿថា ពួកយើងបានព្រមព្រៀងគ្នា” ដោយបន្ថែមថា “វាជាគំនិតរបស់ខ្ញុំ ដែលអ៊ីរ៉ង់កំពុងដើរយឺតៗ ការសម្រេចចិត្តរបស់ពួកគេលើបញ្ហាដ៏សំខាន់នេះ ហើយយើងនឹងត្រូវការចម្លើយច្បាស់លាស់ក្នុងរយៈពេលដ៏ខ្លីបំផុត!”

លោកក៏បានបង្ហាញផងដែរថា លោក ពូទីន បានស្នើឱ្យមានការពាក់ព័ន្ធ និងជំរុញកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ឱ្យដំណើរការទៅមុខ។ លោក ត្រាំ បានបន្ដថា “ប្រធានាធិបតីពូទីនបានស្នើថា លោកនឹងចូលរួមក្នុងការពិភាក្សាជាមួយអ៊ីរ៉ង់ ហើយថាលោកប្រហែលជាមានប្រយោជន៍ក្នុងការធ្វើឱ្យមានការសន្និដ្ឋានយ៉ាងឆាប់រហ័ស” ។

គួរបញ្ជាក់ថា ចាប់ផ្តើមនៅក្នុងខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបើកការចរចាដោយប្រយោលចំនួន ៥លើក ដែល ៣លើកនៅរដ្ឋធានីអូម៉ានី Muscat ប្រទេសអូម៉ង់ និង ២លើក នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងនោះសហរដ្ឋអាមេរិក បានទទូចក្នុងអំឡុងពេលចរចាថា អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ទាំងស្រុង ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ប៉ុន្តែការទាមទារនេះត្រូវបានទីក្រុងតេអេរ៉ង់ ច្រានចោលយ៉ាងម៉ឺងម៉ាត់ ហើយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលនឹងហាមឃាត់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដោយសង្កត់ធ្ងន់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាសមាសធាតុសំខាន់ នៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top