បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិថៃ លោក Phumtham Wechayachai នៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងភាពតានតឹង ដែលកំពុងបន្តនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកម្ពុជា បានច្រានចោល កិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ហើយជំនួសមកវិញ នូវការបង្កើន វត្តមានយោធារបស់ខ្លួន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន The Nation របស់ថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានដែលចេញនៅវេលាម៉ោង៧ព្រឹកថ្ងៃទី៧ មិថុនា មានខ្លឹមសារដូចតទៅ ៖ “កាលពីថ្ងៃទី៥ ខែមិថុនា ខ្ញុំបានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានភាពព្រំដែននៅអារញ្ញ ខេត្តស្រះកែវ ។ បន្ទាប់ពីកិច្ចពិភាក្សានោះ ព័ត៌មានមួយចំនួន ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ ដែលខុសពីខ្លឹមសារ ដែលបានពិភាក្សា នៅក្នុងកិច្ចប្រជុំ ។ ជាអកុសល សំណើស្ថាបនា ដែលមាន គោលបំណង កាត់បន្ថយការប្រឈមមុខដាក់គ្នា និងការជំរុញសន្តិភាពត្រូវបានច្រានចោល។ ម្យ៉ាងទៀត កម្ពុជាបានបង្កើនស្ថានការណ៍ ដោយការបង្កើនកម្លាំងយោធា ដែលបង្កើនភាពតានតឹងក្នុងតំបន់។
យើងក៏យល់ឃើញថា វាចាំបាច់ដើម្បីពង្រឹងវិធានការរបស់យើង និងពង្រឹងវត្តមានរបស់យើង ។ យ៉ាងណាក៏ដោយ ខ្ញុំសូមបញ្ជាក់ពីគោលជំហររបស់យើង ដូចបានពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីដូចតទៅ៖
១-ប្រទេសថៃ នឹងមិនអនុញ្ញាត ឱ្យមានការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន ក្នុងកាលៈទេសៈណាក៏ដោយ ហើយត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីការពារអធិបតេយ្យភាពជាតិ ឱ្យអស់ពីសមត្ថភាព។
២-ខ្ញុំបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ខ្ញុំ ចំពោះយោធា ក្នុងការបំពេញភារកិច្ច របស់ខ្លួនឱ្យអស់ពីសមត្ថភាព និងបង្ហាញពីការលើកទឹកចិត្ត របស់ខ្ញុំ ចំពោះបុគ្គលិកទាំងអស់ ដែលកំពុងធ្វើការដើម្បីការពារទឹកដី របស់ប្រទេសថៃ។ ខ្ញុំសង្កត់ធ្ងន់ថា រាល់សកម្មភាព ដែលធ្វើឡើងដោយប្រទេសថៃ នឹងផ្តល់អាទិភាព ដល់សុវត្ថិភាព សន្តិភាព និងសន្តិសុខរបស់ប្រជាជន ដែលរស់នៅតាមតំបន់ព្រំដែន ក៏ដូចជាសុខុមាលភាព របស់បុគ្គលិកយោធា ដែលខិតខំប្រឹងប្រែង របស់យើង ។
៣-ប្រទេសថៃមិនបាន ទទួលយកយុត្តាធិការ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចាប់តាំងពីឆ្នាំ 1960 ហើយនៅតែបន្តគាំទ្រការប្រើប្រាស់ ការចរចាទ្វេភាគីក្រោម MOU ឆ្នាំ 2000 ដែលបានព្រមព្រៀង ដោយភាគីទាំងពីរ។ យើងក៏បញ្ជាក់ម្តងទៀតថា គណៈកម្មការព្រំដែនរួម (JBC) គួរតែជាវេទិកាសម្រាប់ការស្វែង រកដំណោះស្រាយ ដោយសន្តិវិធីឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
៤-ប្រទេសថៃរក្សាជំហរ ដើមរបស់ខ្លួន និងស្នើឱ្យភាគីទាំងពីរ កែសម្រួលកងកម្លាំងយោធា របស់ពួកគេត្រឡប់ ទៅទីតាំងដើមដូច ដែលបានអនុវត្តក្នុងឆ្នាំ 2024 ដើម្បីកាត់បន្ថយលក្ខខណ្ឌ ដែលបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នា។
ជាចុងក្រោយ ខ្ញុំចង់បញ្ជាក់ ឱ្យច្បាស់ថា ខ្ញុំមិនយល់ស្របនឹងសកម្មភាពណាមួយ ដែលរំលោភលើអធិបតេយ្យភាព របស់ប្រទេសថៃនោះទេ។ រដ្ឋាភិបាល និងយោធាបានត្រៀមខ្លួន យ៉ាងពេញលេញ ក្នុងការការពារ និងរក្សាអធិបតេយ្យភាពរបស់ប្រទេសយើង ដោយគ្រប់តម្លៃ»៕
ប្រែសម្រួលៈ ណៃ តុលា
