ព័ត៌មានអន្តរជាតិ

ស្ថានទូតចិនប្រចាំប្រទេសថៃថា ចិនត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់កិច្ចចរចារកម្ពុជា-ថៃ និងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី

the nation

បរទេស៖ ស្ថានទូតចិនប្រចាំប្រទេសថៃកាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសាធារណជនថៃទាក់ទងនឹងជំហររបស់ប្រទេសចិនចំពោះភាពតានតឹងព្រំដែនកម្ពុជា-ថៃ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក បានបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទាំងប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់ប្រទេសចិន។

អ្នកនាំពាក្យរូបនេះបាននិយាយថា “ប្រទេសចិនសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់ លើកទឹកចិត្តការប្រាស្រ័យទាក់ទង និងការសន្ទនា ហើយធ្វើការឆ្ពោះទៅរកការបន្ថយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការសម្របសម្រួលជាមួយទាំងប្រទេសថៃ និងកម្ពុជា ហើយនឹងខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top