ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី Elon Musk ស្នើបង្កើតគណបក្ស “America Party” ក្រោយពីមានជម្លោះជាមួយលោក Donald Trump

RT News

បរទេស៖ មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានស្នើបង្កើតគណបក្ស “America Party” ដែលនេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងយុទ្ធសាស្ត្រនយោបាយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការស្នើសុំនេះកើតឡើងបន្ទាប់ពីជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែល Elon Musk បានគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងពេលបោះឆ្នោតកាលពីឆ្នាំមុន។ លោ ElonមMusk បានបង្កើត និងផ្តល់មូលនិធិដល់ក្រុមនយោបាយគាំទ្រលោក Trump ដោយបរិច្ចាគជាង ២៦០ លានដុល្លារ ហើយត្រូវបានតែងតាំងដោយលោក Trump ក្នុងខែមករា ដើម្បីសហការដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលទើបបង្កើតថ្មីដែលមានភារកិច្ចកាត់បន្ថយការិយាធិបតេយ្យសហព័ន្ធ និងការចំណាយដែលខ្ជះខ្ជាយ។

ជាការឆ្លើយតបទៅនឹងការបែកបាក់ផ្នែកនយោបាយកាន់តែកើនឡើង លោក Musk បានធ្វើការស្ទង់មតិនៅលើ X នៅសប្តាហ៍នេះ ដោយសួរអ្នកតាមដាន ឬ followers ចំនួន ២២០ លាននាក់របស់លោកថា តើវាដល់ពេលហើយដើម្បីចាប់ផ្តើមគណបក្សនយោបាយថ្មីមួយដែលតំណាងឱ្យ “៨០ភាគរយ នៅកណ្តាល” ។

ការស្ទង់មតិបានទាក់ទាញការឆ្លើយតបជាង ៥,៦ លានដោយមានប្រហែល ៨០ភាគរយ បង្ហាញពីការគាំទ្រ។ លោក Elon Musk បានប្រកាសថា “ប្រជាជនបាននិយាយ។ ត្រូវការគណបក្សនយោបាយថ្មីមួយនៅអាមេរិក” ហើយបានស្នើដាក់ឈ្មោះថា “America Party ឬ គណបក្សអាមេរិក”។

សូមជម្រាបថា ភាពប្រេះឆារវាងលោក  Elon Musk និង លោក Donald Trump កាន់តែស៊ីជម្រៅបន្ទាប់ពីលោក Elon Musk បានស្តីបន្ទោសលើបញ្ហាពន្ធ និងចំណាយចំនួន ២,៤ពាន់ពាន់លានដុល្លាររបស់លោក Trump ដោយហៅវាថាជា “ការគួរស្អប់ខ្ពើម” ។ លោក Trump បានសងសឹកដោយការគំរាមកំហែងលុបចោលកិច្ចសន្យាសហព័ន្ធជាមួយក្រុមហ៊ុនរបស់លោក Musk រួមទាំង SpaceX និង Tesla ផងដែរ ៕

ប្រែប្រួលៈ ណៃ តុលា

To Top