“នេះជាកិច្ចជំនួបតាមទូរស័ព្ទដ៏សំខាន់មួយលើកដែលអ្នកផងទន្ទឹងរង់ចាំយ៉ាងយូរ ” “ភាគីទាំងពីរឯកភាពគ្នាធ្វើកិច្ចចរចាជាបន្តទៀត ដើម្បីដោះស្រាយបញ្ហាពន្ធគយដែលបានរំខានដល់សេដ្ឋកិច្ចសកល ” “ការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទខណៈពេលស្ថានការណ៍ពាណិជ្ជកម្ម មានភាពតានតឹងគឺមានសារសំខាន់ណាស់ ” ។ល។ ទាក់ទិននឹងកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅយប់ថ្ងៃទី៥ ខែមិថុនា ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្សាយដំណឹងនិងវាយតម្លៃយ៉ាងទាន់ហេតុការណ៍ ។
នេះជាកិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលជាង៤ខែ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា បើចង់កែតម្រូវទិសដៅនាវាចរណ៍នៃទំនាក់ទំនងរវាងចិននិងអាមេរិក យើងត្រូវកាច់ចង្កូតកប៉ាល់ឱ្យបានល្អ និងកំណត់ទិសដៅឱ្យបានល្អ ជាពិសេសត្រូវបំបាត់ចោលការរំខាននិងការបំផ្លាញគ្រប់បែបយ៉ាង វាមានសារសំខាន់ណាស់ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានថ្លែងថា កិច្ចសហប្រតិបតិ្តការរវាងអាមេរិកនិងចិនអាចធ្វើកិច្ចការល្អជាច្រើន អាមេរិករីករាយរួមសហការជាមួយភាគីចិនខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី អាមេរិកក៏ស្វាគមន៍និស្សិតចិនទៅបន្តការសិក្សានៅអាមេរិកដែរ ។
ដើមឡើយ កិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងហ្សឺណែវកាលពីខែមុន ទទួលបានលទ្ធផលជាវិជ្ជមាន ហើយទទួលបានការស្វាគមន៍ជាទូទៅពីបណ្តាភាគីនានា ។ ប៉ុន្តែចំពោះការអនុវត្ត ឥរិយាបថរបស់ចិននិងអាមេរិកគឺខុសគ្នាទាំងស្រុង ។ ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវ ប្រទេសចិនបានលុបចោល និងផ្អាកជាបណ្តោះអាសន្ននូវវិធានការពាក់ព័ន្ធនិងមិនពាក់ព័ន្ធពន្ធគយដែលសំដៅចំពោះ “ពន្ធគយបដិការ”របស់អាមេរិក ។ រីឯអាមេរិកវិញ បែរជាដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយមានលក្ខណៈរើសអើងដែលសំដៅចំពោះប្រទេសចិន ពីការដាក់ចេញសេចក្ដីណែនាំអំពីការគ្រប់គ្រងការនាំចេញបន្ទះឈីប AI ដល់ការបញ្ឈប់លក់កម្មវិធី EDA ទៅឱ្យចិន រហូតដល់ប្រកាសថា លុបចោលទិដ្ឋការនិស្សិតចិន ទង្វើមួយចំនួនទាំងនេះបានល្មើសនឹងគំនិតឯកភាពរួមនៃកិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងហ្សឺណែវ បានបំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន ហើយក៏បានរំខាននិងបំផ្លាញដល់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។
លោក Cui Hongjian សាស្ត្រាចារ្យនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីអភិបាលក្នុងតំបន់និងសកលរបស់សាកលវិទ្យាល័យភាសាបរទេសក្រុងប៉េកាំងបានថ្លែងថាខណៈពេលជាគន្លឹះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរធ្វើកិច្ចជំនួបតាមទូរស័ព្ទ ដើម្បីកាច់ចង្កូតនាវានៃទំនាក់ទំនងទ្វេភាគី ប្រការនេះមានអំណោយផលដល់ការដាស់តឿនអាមេរិកកុំធ្វើសកម្មភាពអវិជ្ជមានចំពោះប្រទេសចិន ជំរុញភាគីទាំងពីរឱ្យអនុវត្តលទ្ធផលនៃកិច្ចពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រក្សាការដំណើរការយន្តការសន្ទនា បង្កបង្កើតលក្ខខណ្ឌដើម្បីធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញ ។
ក្នុងដំណាក់កាលគន្លឹះនៅពេលបច្ចុប្បន្ន ប្រមុខរដ្ឋចិននិងអាមេរិកធ្វើកិច្ចជំនួបតាមទូរស័ព្ទ វាមានអំណោយផលដល់ភាគីទាំងពីរលុបបំបាត់ឧបសគ្គ ដោះស្រាយការខ្វែងគំនិត ពង្រីកគំនិតឯកភាពរួម និងបង្កើនកិច្ចសហប្រតិបត្តិការ ។ រំពឹងថា ភាគីអាមេរិកនឹងមានការអនុវត្តឱ្យដូចនឹងពាក្យសំដី ដើរស្របតាមទិសដៅជាមួយភាគីចិន អនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ រួមគ្នាជំរុញនាវាយក្យនៃទំនាក់ទំនងចិននិងអាមេរិកឱ្យឆ្ពោះទៅមុខឥតឈប់ឈរប្រកបដោយភាពនឹងនរ ភាពល្អបរិសុទ្ធនិងនិរន្តរភាព ដើម្បីនាំមកនូវស្ថិរភាពនិងភាពប្រាកប្រជាកាន់តែច្រើនដល់ពិភពលោក ៕
