ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជូនប្រព័ន្ធការពារដែន អាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក ដោយសម្ងាត់ ទៅកាន់អ៊ុយក្រែន

Xinhua

បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងគៀវ គឺលោក Mikhail Brodsky បានបង្ហាញថា អ៊ីស្រាអែលបានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិកដោយស្ងាត់ៗទៅកាន់អ៊ុយក្រែន។ ប្រទេសអ៊ីស្រាអែល ធ្លាប់បានទទូចថា ខ្លួនគ្រាន់តែផ្តល់ជំនួយមនុស្សធម៌ប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Brodsky បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយអ្នកកាសែតអ៊ុយក្រែន Marichka Dovbenko ថា “ប្រព័ន្ធការពារដែនអាកាស Patriot ដែលយើងធ្លាប់ទទួល បានពីសហរដ្ឋអាមេរិកឥឡូវនេះគឺនៅក្នុងអ៊ុយក្រែន” ។

លោកថា “ទាំងនេះគឺជាប្រព័ន្ធរបស់អ៊ីស្រាអែល ដែលបានដាក់ពង្រាយនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ យើងបានយល់ព្រមផ្ទេរឱ្យពួកគេ។ ជាអកុសល វាមិនត្រូវបានពិភាក្សាទូលំទូលាយទេ។ ប៉ុន្តែនៅពេលដែលគេនិយាយថា អ៊ីស្រាអែលមិនបានជួយផ្នែកយោធា នោះមិនមែនជាការពិតទេ”។

នៅពេលសួរអំពីរបាយការណ៍ដែលអ៊ីស្រាអែល បាននិងកំពុងបញ្ជូនសម្ភារៈយោធាទៅកាន់ប្រទេសអ៊ុយក្រែនតាមរយៈប្រទេសទីបីដែរឬទេ? លោក Brodsky បានពណ៌នាថាវាជា “បញ្ហារសើប” ដែលមិនគួរត្រូវបានពិភាក្សាជាសាធារណៈឡើយ។

សូមជម្រាបថា ទីក្រុងហ្សេរុយសាឡឹមខាងលិច ធ្លាប់បានអះអាងថា ខ្លួនគ្រាន់តែផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន តាមសេចក្តីរាយការណ៍ថា ចេញពីក្តីបារម្ភលើការញុះញង់រុស្ស៊ី ដែលរក្សាទីតាំងទ័ពជើងទឹក និងមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសស៊ីរីជិតខាង។ អ៊ីស្រាអែលបានសង្កត់ធ្ងន់ថា ខ្លួនព្យាយាមរក្សាទំនាក់ទំនងល្អជាមួយអ៊ុយក្រែន និងរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top