តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រមុខបរមាណូអ៊ីរ៉ង់ បានប្រកាសថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៨នៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាពីមុនរវាងប្រទេសទាំងពីរ។
ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលទស្សនកិច្ចរបស់សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ទៅកាន់ទីស្នាក់ការកណ្តាល AEOI នៅទីក្រុងតេអេរ៉ង់។
លោក Eslami បានលើកឡើងថា រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ ក្នុងចំណោម ៨ ដែលគ្រោងនឹងសាងសង់នៅក្នុងខេត្ត Bushehr ភាគខាងត្បូងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកក៏បានធ្វើបច្ចុប្បន្នភាពសមាជិកសភាអំពីការសាងសង់អង្គភាព ២ និង ៣ ដែលកំពុងដំណើរការនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលមានស្រាប់ដោយសង្កត់ធ្ងន់ថាអង្គភាពទាំងនោះត្រូវបានសាងសង់ដោយក្រុមហ៊ុនអ៊ីរ៉ង់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា លោក Eslami បានបន្ថែមថា AEOI មានផែនការបង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បីដង ដែលជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលដ៏ទូលំទូលាយរបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
