កងកម្លាំងអ៊ីស្រាអែល បានឡើងលើកប៉ាល់ដែលមានទង់ជាតិអង់គ្លេស Madleen នៅព្រឹកថ្ងៃច័ន្ទ ខណៈដែលវាប៉ុនប៉ងរំលោភបំពានការបិទផ្លូវរបស់កងទ័ពជើងទឹកនៃតំបន់ហ្គាហ្សាស្ទ្រីប។ កប៉ាល់ដែលដឹកសម្ភារៈមនុស្សធម៌រួមទាំងអាហារ និងអាហារបំប៉នទារកនោះ ត្រូវបានអូសទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល។
ក្នុងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ក្រសួងការបរទេសតួកគីបានបរិហារប្រតិបត្តិការនេះ ដោយព្រមានថា សកម្មភាពបែបនេះប៉ះពាល់ដល់ «សេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខដែនសមុទ្រ»។ ទីក្រុងអង់ការ៉ា បានបន្ថែមថា ការប្រឆាំងទូទាំងពិភពលោក ចំពោះការប្រើប្រាស់ “ភាពអត់ឃ្លានជាអាវុធនៅតំបន់ហ្គាហ្សា” របស់អ៊ីស្រាអែលនឹងបន្ត។
ក្រសួងបានឲ្យដឹងថា “សកម្មភាពឈ្លានពាន និងខុសច្បាប់របស់អ៊ីស្រាអែល នឹងមិនបំបិទសំឡេងដែលក្រោកឈរឡើង សម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងតម្លៃសកលទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់ពីការស្ទាក់ចាប់នេះ ហើយបានឲ្យដឹងថា សកម្មជននៅលើយន្តហោះ រួមទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុស៊ុយអែត Greta Thunberg នឹងត្រូវនិរទេស។
កប៉ាល់ Madleen គឺជាកប៉ាល់ចុងក្រោយគេក្នុងការប៉ុនប៉ងជាបន្តបន្ទាប់ដោយសកម្មជនអន្តរជាតិដើម្បីបំបែកការបិទផ្លូវរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលត្រូវបានដាក់បន្ទាប់ពីក្រុមហាម៉ាសើបានកាន់កាប់ទឹកដីក្នុងឆ្នាំ២០០៧។ ខណៈពេលដែលអ៊ីស្រាអែលអះអាងថា ការបិទផ្លូវគឺចាំបាច់ដើម្បីការពារការដឹកជញ្ជូនអាវុធទៅឱ្យក្រុមសកម្មប្រយុទ្ធ អ្នករិះគន់ និងអង្គការសិទ្ធិមនុស្សបានអះអាងថា វាស្មើនឹងការដាក់ទណ្ឌកម្មរួមនៃអ្នករស់នៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
