ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងម្នាក់ ប្រើកាំភ្លើង២ដើម ចូលបាញ់ប្រហារសម្លាប់មនុស្ស ៩នាក់ និងរបួស៣០នាក់ នៅក្នុងសាលារៀនមួយ ទីក្រុង Graz ប្រទេសអូទ្រី

xinhua

បរទេស៖ យោងតាមអាជ្ញាធរក្នុង តំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់នៅក្នុងការបាញ់ ប្រហារនៅសាលារៀនមួយក្នុងទីក្រុង Graz ប្រទេសអូទ្រីស ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១០ ព្រឹកម៉ោងក្នុងស្រុកនៅ BORG Dreierschutzengasse អនុវិទ្យាល័យមួយនៅក្នុងស្រុក Lend ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលិសបានបញ្ជាក់ថា ការបាញ់ប្រហារបានកើតឡើង នៅខាងក្នុងអគារ ដែលជំរុញឱ្យមានការឆ្លើយតបដ៏សំខាន់មួយ ដែលពាក់ព័ន្ធនឹងអង្គភាព ជាច្រើន រួមទាំងកងកម្លាំងពិសេស Cobra និងឧទ្ធម្ភាគចក្រប៉ូលីសផងដែរ។

អភិបាលក្រុង Graz លោក Elke Kahr ក្រោយមកបានបញ្ជាក់ថា មនុស្ស១០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ រួមមាន មនុស្សពេញវ័យម្នាក់ និងសិស្ស៩នាក់ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មនុស្សប្រហែល ៣០ នាក់ទៀត ទាំងសិស្ស និងគ្រូបង្រៀនបានរងរបួស នៅក្នុងការបាញ់ប្រហារ ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងទីក្រុង Graz ដោយយ៉ាងហោចណាស់ ២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមប៉ូលីស អ្នកបាញ់ប្រហារគឺជាជនជាតិអូទ្រីសអាយុ ២១ ឆ្នាំមកពីស្រុក Graz-Umgebung ។ ឈ្មោះរបស់ខ្មាន់កាំភ្លើងមិនត្រូវបានបញ្ចេញទេ ។ ខ្មាន់កាំភ្លើងបានប្រើអាវុធស្របច្បាប់ចំនួន ២ ដើមក្នុងការវាយប្រហារ មុនពេលបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក, អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើង គឺមិនមានកំណត់ត្រា របស់ប៉ូលិសពីមុននោះទេ។

អភិបាលក្រុង Kahr បានហៅឧបទ្ទវហេតុនេះថាជា “សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច” ។ ចំណែក អភិបាលក្រុងវីយែន លោក Michael Ludwig បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានពីទីក្រុង Graz ៕
ប្រែសម្រួលៈ ណៃ តុលា

To Top